អ្នកសារព័ត៌មានម្នាក់ដែលបានចូលរួម ចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) កំពុងទទួលបានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានសាធារណៈ បន្ទាប់ពីត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន។
គួររំលឹកផងដែរ កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រកាសជាសាធារណៈថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «បន្ទាត់ក្រហម» ដ៏តឹងរឹង ដើម្បីលុបបំបាត់បទល្មើស Online Scam ឲ្យបានជាស្ថាពរ។ ប្រតិបត្តិការទ្រង់ទ្រាយធំដែលមានឈ្មោះថា «ប្រតិបត្តិការ XXL» នឹងអនុវត្តក្រោមការដឹកនាំផ្ទាល់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងក្រសួងមហាផ្ទៃជាសេនាធិការ ដោយគ្រោងបញ្ចប់ត្រឹមខែមេសា ឆ្នាំ២០២៦ ខាងមុខ។
ក្នុងបរិបទនៃការប្តេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការកំចាត់បទល្មើស Online Scam ទូទាំងប្រទេស អ្នកសារព័ត៌មានត្រូវបានចាត់ទុកថា មានតួនាទីសំខាន់ក្នុងការជួយរុករក បង្ហាញ និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពលួចលាក់នៃក្រុមឆបោកតាមប្រព័ន្ធអនឡាញ រួមទាំងទីតាំង និងបណ្តាញអ្នកពាក់ព័ន្ធនៅពីក្រោយ។
យ៉ាងណាមិញ កាលពីថ្ងៃទី៣០ និង ៣១ ខែមករា ឆ្នាំ២០២៦ លោក ហែម វណ្ណា ចាងហ្វាងការផ្សាយគេហទំព័រ HVNN បានចុះផ្សាយព័ត៌មានមួយ ក្រោមចំណងជើង អំពីការរាយការណ៍របស់ពលរដ្ឋ សង្ស័យថាមានជនជាតិបរទេសមួយចំនួនរងអំពើហិង្សា និងអាចត្រូវបានបង្ខាំងខុសច្បាប់ បង្ខំឲ្យធ្វើការឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងអាគារបិទខ្ទប់មួយកន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បន្ទាប់មក នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១០ ព្រឹក លោក ហែម វណ្ណា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១៧៨ ដោយចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋ» និង «ស្តាប់ ឬថតពាក្យសំដីឯកជន»។
គួរបញ្ជាក់ថា លោក ហែម វណ្ណា ត្រូវបានគេស្គាល់ថា ជាអ្នកសារព័ត៌មានដែលធ្លាប់ចុះផ្សាយព័ត៌មាននៅតាមបន្ទាត់ព្រំដែន ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាព និងបញ្ហាសន្តិសុខជាតិ ហើយថ្មីៗនេះ ក៏បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានគាំទ្រយុទ្ធនាការរបស់រាជរដ្ឋាភិបាល ក្នុងការកំចាត់ Online Scam ផងដែរ។
ករណីនេះ បានបង្កើតការព្រួយបារម្ភ និងការតាមដានពីមជ្ឈដ្ឋានអ្នកសារព័ត៌មាន និងសង្គមស៊ីវិល ដែលចង់ឃើញការអនុវត្តច្បាប់ ប្រកបដោយតុល្យភាព រវាងការអនុវត្តច្បាប់ និងសេរីភាពសារព័ត៌មាន ក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។


