លោកបណ្ឌិត ទូច សុឃៈ បានបង្ហាញថា ចាប់តាំងពីខែមិថុនា–កក្កដា ឆ្នាំ២០២៥ មក លោកបានចាប់ផ្តើមរៀបចំ និងចងក្រងសៀវភៅវិភាគយុទ្ធសាស្ត្រជាតិមួយ ដែលបច្ចុប្បន្នបានសរសេររួចជាង ៧០០ ទំព័រ ហើយអាចឈានដល់ប្រមាណ ១,០០០ ទំព័រ នៅពេលបញ្ចប់។
លោកបណ្ឌិត ទូច សុឃៈ បានឲ្យដឹងថា សៀវភៅនេះត្រូវបានចែករំលែកជាបន្តបន្ទាប់តាមបណ្ដាញសង្គមហ្វេសប៊ុក និងទទួលបានការចាប់អារម្មណ៍ពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសសិស្ស និស្សិត និងអ្នកតាមដានការវិភាគនយោបាយ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា មិនទាន់មានគម្រោងបោះពុម្ពជាផ្លូវការនៅឡើយទេ រហូតដល់ «ដំណោះស្រាយគ្រប់គ្រងបានយ៉ាងច្បាស់លាស់»។
តាមការពន្យល់របស់លោក សៀវភៅនេះបានសរុបយុទ្ធសាស្ត្រធំៗយ៉ាងតិចចំនួន ៦ ដែលមិនបានផ្តោតតែការប្រើកម្លាំងប្រដាប់អាវុធ ឬវិធីសាស្ត្រហិង្សានោះទេ ប៉ុន្តែផ្តោតលើការប្រើប្រាស់យុទ្ធសាស្ត្រយូរអង្វែង ការទូត នយោបាយ និងផ្លូវច្បាប់។ លោកបានលើកឡើងថា ការយល់ឃើញថា «ការឈ្នះមានតែតាមសង្គ្រាម» គឺជាការយល់ឃើញមិនគ្រប់ជ្រុងជ្រោយ។
លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ជំហរផ្ទាល់ខ្លួនថា លោកមានជំនឿយ៉ាងមុតមាំលើកម្ពុជា លើកម្លាំងមហាសាមគ្គីជាតិខ្មែរ និងលើយុទ្ធសាស្ត្រដឹកនាំរបស់សម្ដេចតេជោធិបតី។ លោកថា ភាពឈ្នះពិតប្រាកដ គឺជាការឈ្នះដោយថ្លៃថ្នូរ ស្របច្បាប់ និងអាចឲ្យភាគីពាក់ព័ន្ធទាំងអស់ទទួលយកបាន ដើម្បីឈានទៅរកសន្តិភាពយូរអង្វែង។
ជាមួយគ្នានេះ លោកក៏បានលើកឡើងអំពីយុទ្ធសាស្ត្រដែលត្រូវការពេលវេលា និងភាពអត់ធ្មត់ ដោយប្រៀបធៀបនឹងពាក្យចាស់ថា «បន្លាយខ្សែវែងចាប់ត្រីធំ»។ លោកបានឲ្យដឹងថា ក្នុងបរិបទបច្ចុប្បន្ន យុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់រាជរដ្ឋាភិបាល បានបង្ហាញពីប្រសិទ្ធភាព និងកំពុងផ្តល់លទ្ធផលវិជ្ជមានជាបន្តបន្ទាប់។
លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមថា ការប្រើពេលវេលា និងការអត់ធ្មត់ គឺជាគន្លឹះនៃជោគជ័យ ដូចទស្សនវិជ្ជាបុរាណចិនដែលថា «ចិត្តអំណត់គឺជាអំណាច»។ លោកអំពាវនាវឲ្យប្រជាពលរដ្ឋមានជំនឿជាក់លើកម្ពុជា និងលើការដឹកនាំប្រទេសតាមផ្លូវសន្តិវិធី ដោយមិនយកប្រទេសណាមួយជាសត្រូវ។
សូមជម្រាបថា សៀវភៅនេះនឹងត្រូវបោះពុម្ពជាផ្លូវការ ក្នុងនាមជាការសរសេរឯករាជ្យរបស់អ្នកនិពន្ធ នៅពេលដំណោះស្រាយសមស្របត្រូវបានគ្រប់គ្រងបាននាពេលអនាគត។


