ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពាណិជ្ជកម្ម ទេសចរណ៍ ការផ្តល់សេវាជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ធនធានមនុស្ស ស្របទៅតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ចំពោះសមិទ្ធផលនានាដែលរដ្ឋបាលរាជធានីភ្នំពេញសម្រេចបាននាឆ្នាំ២០២៥ មានដូចជា ការកសាងអភិវឌ្ឍន៍ជាប្រចាំ មាន ផ្លូវ ទឹកស្អាត អគ្គិសនី បណ្តាញទូរគមនាគមន៍ សួនច្បារ ផ្លូវក្រោមដី ស្ពានអាកាស ស្ពានឆ្លងទន្លេ និងប្រព័ន្ធលូ ប្រឡាយ ដែលបានធ្វើឱ្យការរំដោះទឹកនៅក្នុងរាជធានីភ្នំពេញបានល្អប្រសើរ បានកែលម្អសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធជាប្រចាំ រៀបចំសួនខាងជើងក្រុងជាដើម។
ឯកឧត្តម ឃួង ស្រេង បានបន្តថា ក្នុងឆ្នាំ២០២៥នេះការថែរក្សាសន្តិសុខ សុវត្ថិភាព កម្លាំងមានសមត្ដកិច្ចរបស់យើងអនុវត្តការងារបានល្អ ទាំងការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន លួច ឆក់ ប្លន់ និងល្បែងស៊ីសងគ្រប់ប្រភេទ ដោយយើងបង្ក្រាបបទល្មើសបាន៤៦៣ករណីលើ៤៧៣ករណី ថយចុះ១០ករណី បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)បានចំនួន៤៤ករណី។ ចំណែកការងារទេសចរណ៍វិញ រាជធានីភ្នំពេញ បានកែច្នៃតំបន់ទេសចរណ៍ ឱ្យមានលក្ខណៈសំបូរបែប ដោយទទួលបានភ្លៀវទេសចរជាតិ អន្តរជាតិ បានប្រមាណ៨ម៉ឺនទៅ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ នៅផ្លូវថ្មើរជើងចតុមុខ walk street រហូតមានភាពល្បីល្បាញនិងទាក់ទាញដល់ឆាកអន្តរជាតិ។
ឯកឧត្តម ឃួង ស្រេង បានឱ្យ ដឹង ទៀតថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកនូវអំណោយទៅជួរមុខបានចំនួន ៥០លើក (៣៥ រថយន្តធំ និង ៥៥ កុងតឺន័រ )មានសម្ភារៈជាច្រើនសន្ធឹកសន្ធាប់ ក្នុងនោះរួមមាន អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិត តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ និងអំណោយរបស់សប្បុរសជនមានថវិកានិងសម្ភារៈជាច្រើនសន្ធឹកសន្ធាប់ទៀតផងដែរ។ ឯកឧត្តម បន្តថា សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញនេះ យើងបានបែងចែកក្រុមពិភាក្សាចំនួន៥ក្រុម ដើម្បីរកចំណុចខ្លាំង ចំណុចខ្សោយនិងរកធាតុចូល ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ សម្រេចជោគជ័យថ្មីៗទៀត នាឆ្នាំខាងមុខ ៕














