ក្រសួងមហាផ្ទៃ បានប្រកាសថា គិតពីម៉ោង៦ព្រឹកថ្ងៃទី៨ ដល់ម៉ោង ៦ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ៥.៧៨៧នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១៧៣.១០៧នាក់ទៀត ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ព្រឹក ថ្ងៃទី៨ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា សកម្មភាព រំលោភបំពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បណ្តាលឱ្យមានផលប៉ះពាល់ និងការខូចខាតក្នុងខេត្តចំនួន៧ រួមមាន ៖ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប។
ជារួម មកដល់ពេលនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងតាមដានសភាពការណ៍វិវត្តន៍នៅសមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្នាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីស្របច្បាប់។
ជាមួយគ្នានេះ ក្រសួងក៏កំពុងយកចិត្តទុកដាក់គ្រប់គ្រងពលរដ្ឋភៀសសឹក ឱ្យបានសមស្រប ព្រមទាំងបានណែនាំដល់រដ្ឋបាលខេត្តពាក់ព័ន្ធបន្តស្រង់ស្ថិតិ ពិនិត្យ និងដោះស្រាយផលប៉ះពាល់ ដែលកើតមានឡើងឱ្យអស់លទ្ធភាព ជំរុញបើកឱ្យដំណើរការឡើងវិញនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបន្តយកចិត្តទុកដាក់សហការឱ្យបានជិតស្និទ្ធជាមួយកងកម្លាំងជួរមុខ បន្តវិធានការពង្រឹងសន្តិសុខ និងក្តាប់ សភាពការណ៍ទូទៅក្នុងខេត្តជាប់ព្រំដែន៕









