ការទន្ទឹមរង់ចាំរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ពេលនេះបានដូចបំណងហើយ គឺការដោះលែងវីរជនកងទ័ពកម្ពុជាទាំង១៨រូប ដែលបានធ្វើឱ្យប្រជាជនមានក្តីរំភើបនិងរីករាយជាទីបំផុត ។
លោកស្រី សុធីតា ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម បានបង្ហាញអារម្មណ៍ រីករាយយ៉ាងក្រៃលែង ដែលយោធិនកម្ពុជាទាំង១៨រូប បានត្រឡប់មកកម្ពុជាវិញ តាមរយៈការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ ។
លោកស្រីបានបន្តថា សម្រាប់ការជ្រើសរើសយកវិធីសាស្ត្របញ្ចប់ភ្លើងសង្គ្រាម ដោយសន្តិវិធីនិងតាមផ្លូវច្បាប់អន្តរជាតិនេះ គឺពិតជាត្រឹមត្រូវនិងល្អបំផុត បានធ្វើឱ្យប្រជាជននៃប្រទេសទាំង២រស់នៅបានសុខសាន្ត និងបញ្ចប់ការបង្ហូរឈាមតទៅទៀត ។
« ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូប អ្វីដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក៏ដូចជាប្រជាជនខ្មែរនៅក្រៅប្រទេស ជាពិសេសក្រុមគ្រួសារកងទ័ពទាំង១៨រូប គឺទន្ទឹងរង់ចាំនិងក្ដីសង្ឃឹម ហើយឥឡូវនេះវីរកងទ័ពទាំង១៨រូប បានវិលត្រឡប់មកទឹកដីមាតុភូមិកម្ពុជាវិញដោយសុវត្ថិភាព ដូច្នេះក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូប គឺពិតជាមានអារម្មណ៍រំភើបនិងសប្បាយរីករាយយ៉ាងខ្លាំង ដែលបានឃើញវត្តមានរបស់វីរកងទ័ពទាំង១៨រូបត្រឡប់មកវិញ» ។
លោកស្រី បានគោរពថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានជ្រើសរើសការដោះស្រាយតាមនយោបាយការទូត និងអនុវត្តន៍នូវច្បាប់អន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងនានាដែលមានស្រាប់ គឺធ្វើយ៉ាងណាបញ្ចប់សង្គ្រាមដោយសន្តិវិធី និងមិនមានការបង្ហូរឈាមបន្តទៅទៀត ។ ជាពិសេស សូមអរគុណចំពោះវីរកងទ័ព ដែលបានពលីជីវិតនៅក្នុងសមរភូមិ និងគោរពអរគុណទៅដល់ការលះបង់របស់វីរកងទ័ពដទៃទៀត សូម មានសុខសុវត្ថិភាព មានសុខភាពល្អ និងជោគជ័យ ក្នុងការការពារទឹកដីកម្ពុជា ។
សូមបញ្ជាក់ថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ វីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានភាគីថៃបានដោះលែងប្រគល់ឱ្យមកកម្ពុជាវិញ តាមច្រកខេត្តប៉ៃលិន បន្ទាប់ពីចាប់អស់រយៈពេល១៥៥ថ្ងៃមក ពោលគឺព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន ៕





