យោងតាមការចេញផ្សាយរបស់សារព័ត៌មានចិន CGTN កាលពីយប់ថ្ងៃព្រហស្បតិ៍ ឱ្យដឹងថា លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន បានធ្វើការជជែកតាមទូរសព្ទដាច់ដោយឡែកពីគ្នា ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក សីហសាក់ ភួងកេតកែវ (Sihasak Phuangketkeow) រដ្ឋមន្ត្រីការបរទេសថៃ ដើម្បីពិភាក្សាអំពីស្ថានភាពសង្គ្រាមរវាងប្រទេសទាំងពីរ ។
ក្នុងជំនួបនោះ លោក វ៉ាង យី បានវាយតម្លៃថា ការប៉ះទង្គិចគ្នាលើកនេះមានទំហំធំ និងធ្ងន់ធ្ងរជាងលើកមុនៗយ៉ាងខ្លាំង។ លោកបានបញ្ជាក់ពីជំហររបស់ចិនថា ក្នុងនាមជាអ្នកជិតខាងជិតដិត ចិនមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតរបស់ប្រជាជនស្លូតត្រង់ និងមិនចង់ឃើញការប្រើប្រាស់អាវុធដាក់គ្នាឡើយ ។
លោកកត់សម្គាល់ថា ប្រសិនបើជម្លោះនៅតែបន្ត វានឹងមិនផ្តល់ផលចំណេញដល់ភាគីណាមួយនោះទេ ហើយថែមទាំងធ្វើឱ្យប៉ះពាល់ដល់សាមគ្គីភាពរបស់អាស៊ានថែមទៀតផង។ ចិនជំរុញឱ្យភាគីទាំងពីរសម្រេចចិត្តឱ្យឆាប់រហ័ស ដោយឈប់បាញ់គ្នាជាបន្ទាន់ ដើម្បីកាត់បន្ថយការខាតបង់ និងចាប់ផ្តើមកសាងទំនុកចិត្តឡើងវិញ ។
ភាគីកម្ពុជា និងថៃ បានបង្ហាញឆន្ទៈក្នុងការបន្ធូរបន្ថយភាពតានតឹង និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការសម្របសម្រួលដោយ «ប្រេសិតពិសេសរបស់ចិន» សម្រាប់ប្រទេសទាំងពីរដែលរំពឹងថានឹងធ្វើឡើងនៅថ្ងៃសុក្រនេះ។ ភាគីទាំងពីរសង្ឃឹមថា ចិននឹងដើរតួនាទីកាន់តែសំខាន់ក្នុងការនាំយកសន្តិភាពត្រឡប់មកវិញ ៕


