សម្តេចតេជោ ហ៊ុន សែន បានចេញសារពិសេសមួយពាក់ព័ន្ធនឹងស្ថានភាពនៅតាមព្រំដែន ដោយបញ្ជាក់ថា កងកម្លាំងកម្ពុជាបានបង្ខំចិត្តបើកការវាយតបតវិញកាលពីល្ងាចម្សិលមិញ រហូតមកដល់ព្រឹកថ្ងៃនេះ បន្ទាប់ពីបានអត់ធ្មត់គោរពបទឈប់បាញ់អស់រយៈពេលជាង ២៤ម៉ោង ដើម្បីទុកពេលជម្លៀសប្រជាជនទៅកាន់តំបន់សុវត្ថិភាព។
ប្រតិកម្មរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីមានការប្រកាសរបស់ភាគីថៃ ដែលដឹកនាំដោយលោក អនុធីន (Anutin) ថានឹងប្រើប្រាស់កម្លាំងវាយយកចំណុចចំនួន ១១។ ចំពោះការគំរាមកំហែងនេះ សម្តេចតេជោបានលើកឡើងថា ដោយសារមិនដឹងច្បាស់ថាចំណុចទាំង ១១ នោះនៅទីតាំងណាខ្លះ សម្តេចបានដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវវាយការពារគ្រប់ចំណុចដែលខ្មាំងបានវាយចូល។
សម្តេចតេជោ បានគូសបញ្ជាក់ពីប្រៀបឈ្នះនៃយុទ្ធសាស្ត្ររបស់កម្ពុជាថា៖ «យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំ ជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើង ពួកគេមិនអាចទូលលេណដ្ឋានមកបានទេ ហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ»។ សម្តេចបានបន្ថែមថា ស្ថានភាពនេះផ្តល់ឱកាសឱ្យកម្ពុជាអនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់សត្រូវ តាមរយៈការចាត់តាំងទប់ទល់យ៉ាងមានប្រសិទ្ធភាព។
ឆ្លើយតបនឹងសម្តីរបស់មេទ័ពថៃ ដែលបានប្រកាសថា ដើម្បីសន្តិសុខប្រជាជនថៃ ពួកគេត្រូវតែបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែងនោះ សម្តេចតេជោបានចំអកថា សម្តីនេះហាក់បីដូចជាខ្លាំងជាងមហាអំណាចយោធាលើពិភពលោកទៅទៀត។ សម្តេចបានសង្កត់ធ្ងន់ថា៖ «យើងពិតជាមិនអង្គុយអោបដៃឱ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ»។
នៅក្នុងសារដដែលនេះ សម្តេចតេជោ ក៏បានផ្ញើសារទៅកាន់ក្រុមអ្នករិះគន់មួយចំនួន ដែលកាលពីខែកក្កដាបានចោទប្រកាន់រដ្ឋាភិបាលថា «ល្មោភសង្គ្រាម» ពេលកម្ពុជាវាយតបត។ លុះដល់ពេលកម្ពុជាអត់ធ្មត់គោរពបទឈប់បាញ់ ដើម្បីស្វែងរកសន្តិវិធី ពួកគេបែរជាចោទថា «ខ្លាចថៃ ឬកាត់ដីឱ្យថៃដូរយកសន្តិភាព» ទៅវិញ។
សម្តេចតេជោ បានចោទសួរត្រឡប់ទៅវិញថា នៅពេលនេះដែលកម្ពុជាវាយដើម្បីការពារខ្លួន តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត? ជាចុងក្រោយ សម្តេចបានបញ្ជាក់ពីជំហរច្បាស់លាស់ថា កម្ពុជាត្រូវការសន្តិភាព ប៉ុន្តែក្នុងកាលៈទេសៈនេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីបង្ខំចិត្តវាយតបត ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួននោះឡើយ៕




