សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញសារជាថ្មីដើម្បីបំភ្លឺ និងឆ្លើយតបទៅកាន់មតិរិះគន់របស់ពលរដ្ឋថៃមួយចំនួន ដែលបានចោទប្រកាន់ថា កម្ពុជាប្រើប្រាស់លុយចិនដើម្បីរៀបចំស៊ីហ្គេមឆ្នាំ២០២៣ និងបានមើលងាយកម្ពុជាថាជាប្រទេសក្រីក្រ។
ការចេញមុខបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីសម្តេចបានបង្ហោះវីដេអូកាលពីថ្ងៃទី៤ ខែធ្នូ ស្តីពីការបិទបញ្ចប់ស៊ីហ្គេមនៅកម្ពុជា ដែលត្រូវបានជនជាតិថៃមួយចំនួនបកស្រាយខុសថា ជាការឌឺដងឱ្យប្រទេសថៃដែលត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៥។
នៅក្នុងសារលិខិតបំភ្លឺ សម្តេចតេជោ បានសម្តែងការហួសចិត្តចំពោះការលើកឡើងរបស់ជនជាតិថៃមួយចំនួន ដែលតាំងខ្លួនជាប្រទេសអ្នកមាន ហើយមើលងាយកម្ពុជាថាជា «ប្រទេសអ្នកក្រ ដែលមានអ្នកសុំទានពាក់កណ្តាលប្រទេស»។ ជាពិសេសចំពោះការប្រឌិតរឿងថា កម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិន។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ «និយាយពីការចំណាយសម្រាប់ការប្រកួត យើងមិនបានប្រើប្រាស់លុយចិន ឬលុយពីប្រទេសផ្សេងសូម្បីមួយសេន»។
សម្តេចបានពន្យល់លម្អិតថា ទោះបីជាហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ក្រោមជំនួយឥតសំណងរបស់មិត្តចិនក៏ពិតមែន ប៉ុន្តែរាល់ការចំណាយលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាថវិកាជាតិសុទ្ធសាធ ដែលកើតចេញពីការសន្សំសំចៃរបស់រាជរដ្ឋាភិបាល។
សម្តេចតេជោ បានលើកឡើងពីយុទ្ធសាស្ត្រគ្រប់គ្រងថវិកាជាតិ ដោយមានការជួយជ្រោមជ្រែងពី «មេផ្ទះ» ដ៏ពូកែពីររូបគឺ ឯកឧត្តម គាត ឈន់ និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន។ រាជរដ្ឋាភិបាលបានដាក់បញ្ចូលគម្រោងថវិកាសម្រាប់ស៊ីហ្គេមជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨ ដល់ ២០២២ ដោយសន្សំបានប្រមាណ ៥០លានដុល្លារ និងគ្រោងបន្ថែម ១៥០លានដុល្លារទៀតក្នុងឆ្នាំ២០២៣ សរុបប្រហែល ២០០លានដុល្លារ។
យ៉ាងណាមិញ ក្រោមការដឹកនាំ និងចាត់ចែងដោយស្មារតីសន្សំសំចៃរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ កម្ពុជាបានចំណាយថវិកាជាក់ស្តែងតិចជាងការគ្រោងទុក៖ ការចំណាយលើស៊ីហ្គេម អស់ត្រឹម ១១៨លានដុល្លារ។ បើបូកទាំងអាស៊ានប៉ារ៉ាហ្គេម អស់ត្រឹម ១២៦លានដុល្លារ។ បើសរុបទាំងប្រាក់រង្វាន់ជូនកីឡាករជ័យលាភីទាំងអស់ គឺចំណាយអស់ត្រឹម ១៣០លានដុល្លារ ប៉ុណ្ណោះ។
ក្នុងចំនួននេះ កម្ពុជាបានចំណាយប្រមាណ ១២លានដុល្លារ ដើម្បីទទួលរ៉ាប់រងការស្នាក់នៅ និងហូបចុកជូនប្រតិភូកីឡាអន្តរជាតិ ដែលសម្តេចតេជោបានចាត់ទុកថាជា «ការសម្រេចចិត្តក្នុងគោលបំណងពង្រឹងសាមគ្គីភាពអាស៊ាន» ដោយបញ្ជាក់ថា «កម្ពុជាជាប្រទេសក្រទ្រព្យ ក្រលុយ តែមិនក្រចិត្តនោះទេ»។
សម្តេចតេជោ ក៏បានរំលេចផងដែរថា សំណង់កីឡដ្ឋានអូឡាំពិក ដែលជាស្នាព្រះហស្តរបស់សម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ក៏ត្រូវបានប្រើប្រាស់ជាកន្លែងប្រកួតដ៏សំខាន់ ជាពិសេសបាល់ទាត់ ដែលក្រុមថៃបានបរាជ័យក្រោមថ្វីជើងឥណ្ឌូណេស៊ី។
នៅចុងបញ្ចប់នៃសារ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យជនជាតិថៃដែលបាននិយាយប៉ះពាល់កម្ពុជា ដកពាក្យសម្តីវិញ ជាពិសេសការចោទថា «កម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិន» ព្រោះវាមិនត្រឹមតែជាការមើលងាយកម្ពុជាទេ តែជាការប្រមាថដល់មហាអំណាចចិនផងដែរ។
សម្តេចតេជោ បានជូនពរឱ្យប្រទេសថៃ រៀបចំស៊ីហ្គេមឆ្នាំ២០២៥ បានល្អ និងដោះស្រាយបញ្ហាទឹកជំនន់បានជោគជ័យ ជាជាងការមកគិតរឿងឈ្នះចាញ់ជាមួយកម្ពុជា និងមីយ៉ាន់ម៉ា ដោយសម្តេចរក្សាសិទ្ធិឆ្លើយតបដើម្បីការពារសេចក្ដីថ្លៃថ្នូររបស់ជាតិសាសន៍ខ្មែរ៕

