ក្រសួងមហាផ្ទៃបានបង្ហាញរបាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកសរុប ៦៩ ករណី បណ្ដាលឲ្យមនុស្សស្លាប់ ៤៤ នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១២០ នាក់ ក្នុងរយៈពេលត្រឹមជា ៧ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
តាមការរាយការណ៍ ព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍ត្រូវបានកត់ត្រាទុកជាបន្តបន្ទាប់ក្នុងមួយសប្ដាហ៍៖
• ថ្ងៃទី១៧ វិច្ឆិកា៖ ៨ ករណី ស្លាប់ ៥ នាក់ របួស ៩ នាក់
• ថ្ងៃទី១៨៖ ៧ ករណី ស្លាប់ ១ នាក់ របួស ៩ នាក់
• ថ្ងៃទី១៩៖ ១៤ ករណី ស្លាប់ ៥ នាក់ របួស ២៥ នាក់
• ថ្ងៃទី២០៖ ១៤ ករណី ស្លាប់ ១៩ នាក់ របួស ៤២ នាក់
• ថ្ងៃទី២១៖ ៩ ករណី ស្លាប់ ៧ នាក់ របួស ១៤ នាក់
• ថ្ងៃទី២២៖ ៧ ករណី ស្លាប់ ២ នាក់ របួស ១០ នាក់
• ថ្ងៃទី២៣៖ ១០ ករណី ស្លាប់ ៥ នាក់ របួស ១១ នាក់
គ្រោះថ្នាក់ភាគច្រើនកើតឡើងតាមតំបន់នានា រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ កំពង់ចាម និងព្រៃវែង។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប គោរពបទប្បញ្ញត្តិច្បាប់ចរាចរណ៍ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរ មិនថាលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត ឬផ្លូវក្នុងសហគមន៍ក៏ដោយ ដើម្បីការពារជីវិតខ្លួន និងអ្នកដទៃ។
គួរបញ្ជាក់ថា ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានផ្អាកសកម្មភាពមួយរយៈ ត្រូវបានដាក់អនុវត្តឡើងវិញ និងកំពុងដំណើរការយ៉ាងបន្តបន្ទាប់តាមគោលដៅក្នុងតំបន់នានា ស្របតាមដែនកំណត់ និងគោលការណ៍ណែនាំរបស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា។




