សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស៖
* សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីសោមនស្ស និងកិត្តិយសបំផុត ដែលបានព្រះមហាក្សត្រទ្រង់ព្រះរាជនុញ្ញាតដ៏ខ្ពង់ខ្ពស់ ព្រះរាជតំណាងបើកអនុសំវច្ចរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ឆ្នាំ២០២៥
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណ និងអរគុណ ចំពោះគណៈសង្ឃទាំងពីរគណៈ ដែលបានយាង និងនិមន្ដចូលរួមនាឱកាសនេះ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «អនុសំវច្ឆរមហាសនិ្នបាតមន្រ្ដីសង្ឃទូទាំងប្រទេសលើកទី ៣៣» ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ក្នុងគោលបំណងវាយតម្លៃ ការប្រតិបត្តិធម៌ វិន័យរបស់ព្រះសង្ឃ ដើម្បីកែលម្អបទដ្ឋាន និងគោលការណ៍ សម្រាប់ដឹកនាំ និងគ្រប់គ្រងព្រះពុទ្ធ-សាសនា, កំណត់ និងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមទាំងឡាយ, ព្រមទាំងតាមដាន និងត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តសង្ឃប្រកាស ដែលបានដាក់ចេញនាឆ្នាំកន្លងមក, សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបន្តថែរក្សាសុខសន្តិភាព, ការលើកស្ទួយប្រពៃណីទំនៀមទម្លាប់ និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការអភិរក្ស និងការអភិវឌ្ឍព្រះពុទ្ធសាសនា, ការទ្រទ្រង់ និងការលើកកម្ពស់សីលធម៌សង្គម, និងសុខដុមនីយកម្មសាសនានៅកម្ពុជា
* សម្ដេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់លោក ចាយ បូរិន រដ្ឋមន្រ្ដីក្រសួងធម្មការ និងសាសនា ដែលបានលើកឡើងអំពីសមិទ្ធផល គួរជាទីមោទនៈ ក្នុងវិស័យធម្មការ និងសាសនា, ជាពិសេសការពង្រឹង និងការពង្រីកពុទ្ធិកសិក្សា, ការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យពាហិរសាសនា និងសុខដុមនីយកម្មសាសនា, ដែលជាបុរេ-លក្ខខណ្ឌសម្រាប់សុខសន្តិភាព សុខដុមរមនាសង្គម និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បុព្វបុរសខ្មែរបានបន្សល់ទុកនូវប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អផូរផង់, ឈរលើមូលដ្ឋាន នៃមេត្តា ករុណា មុទិតា និងឧបេក្ខា ដែលបានចារិកនៅក្នុងបេះដូងខ្មែរ ព្រមទាំងបានផ្សាភ្ជាប់កូនខ្មែរទាំងអស់ ជាគ្រួសារមួយ, ជាសហគមន៍មួយ និងជាពូជសាសន៍មួយ។ ផ្អែកលើគុណតម្លៃ និងតួនាទីរបស់ព្រះពុទ្ធសាសនា ដែលបាននិងកំពុងចាក់ឫសយ៉ាងជ្រៅ ក្នុងសង្គមខ្មែរ, រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ច្បាស់ថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ», ប៉ុន្តែពុំមានការរឹតត្បិតលើសិទ្ធិសេរីភាពខាងសាសនានោះទេ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នេះគឺជាដំណើរទៅមុខលើផ្លូវដ៏ត្រឹមត្រូវមួយដែលវិស័យសាសនា, រួមមាន៖ ព្រះពុទ្ធសាសនា, ឥស្លាមសាសនា, គ្រិស្តសាសនា និងសាសនាដទៃទៀត ត្រូវបានបើកទូលាយក្នុងការប្រតិបត្តិជំនឿ, ហើយធ្វើឱ្យប្រជាជន ដែលរស់នៅក្នុងសង្គមកម្ពុជា អាចរស់នៅសុខដុមរមនា, មិនមានទំនាស់ប្រេះឆា ឬ ជម្លោះសាសនា នោះឡើយ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះពុទ្ធសាសនា បាននិងកំពុងមានឥទ្ធិពលលើប្រព័ន្ធនយោបាយ សង្គម និង សេដ្ឋកិច្ចកម្ពុជា, តាមរយៈការអភិវឌ្ឍផ្នត់គំនិត, ឥរិយាបថ និងសកម្មភាព ដែលឈរលើមូលដ្ឋាន ទស្សនវិជ្ជាព្រះពុទ្ធ។ ក្នុងន័យនេះ, ព្រះពុទ្ធសាសនា គឺជាកម្លាំងចលករយ៉ាងសកម្ម ក្នុងការផ្លាស់ប្តូរជាវិជ្ជមាន, ទាំងផ្លូវចិត្ត និងផ្លូវកាយ, របស់ប្រជាពលរដ្ឋខ្មែរ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព ។ ម៉្យាងទៀត, ព្រះពុទ្ធសាសនា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសុខដុមរមនាសង្គម និងនយោបាយកម្ពុជា តាមរយៈការយល់ដឹងកាន់តែប្រសើរអំពីទ្រឹស្តី «កម្មផល»
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការកំណត់ «ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ» សបញ្ជាក់អំពីការផ្សារភ្ជាប់រវាងការគ្រប់គ្រងរដ្ឋជាមួយ នឹងព្រះពុទ្ធសាសនា ឬ ទំនាក់ទំនងរវាងពុទ្ធចក្រ និងអាណាចក្រ ដែលជាចំណងវិចារវិទ្យា, បំពេញឱ្យគ្នាទៅវិញទៅមក ដោយចៀសមិនបាន។ នេះមានន័យថា ការរីកចម្រើនខាងផ្នែកអាណាចក្រ ត្រូវតែមានការលើកកម្ពស់ខាងផ្នែកពុទ្ធចក្រ ដើម្បីឱ្យរដ្ឋទទួល បានផលប្រយោជន៍មកវិញ ជាការចេះដឹង និងការធ្វើអំពើល្អរបស់ប្រជាពលរដ្ឋទាំងនេះហើយ ដែលបង្កលក្ខណៈឱ្យរដ្ឋគ្រប់គ្រងបានកាន់តែប្រសើរ ព្រមទាំងមិនមានបញ្ហាហិង្សា ឬអំពើបាបកើតឡើងក្នុងសង្គម។ នៅពេលប្រជាពលរដ្ឋមានសេចក្ដីសុខ និងរីកចម្រើនក្នុងជីវភាព, ព្រះសង្ឃក៏មានចង្ហាន់ល្អៗ និងទទួលបានវិភាគទានសម្រាប់កសាងទីអារាម សេនាសនៈ ក៏បានល្អដែរ។
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្ដេចតាំងពីនាយករដ្ឋមន្ដ្រី គឺតែងផ្សាភ្ជាប់រវាងអាណាចក្រ និងពុទ្ធចក្រ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម នោះវិស័យព្រះពុទ្ធសាសនា ក៏ត្រូវបំផ្លាញដូចគ្នាទេ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ កើតឡើង មិនត្រឹមតែប្រជាពលរដ្ឋនោះទេ គឺព្រះសង្ឃក៏ជួបការលំបាក និងរងគ្រោះដូចគ្នា
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាប់កាំភ្លើងមិនស្គាល់វត្តអារាមនោះទេ ពោលវត្តមួយចំនួនត្រូវបានបំផ្លេចបំផ្លាញដោយគ្រាប់កាំភ្លើង
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានសាសនាណានៅលើពិភពលោក ឬកម្ពុជា អប់រំសាសនិករបស់ខ្លយនឲ្យប្រព្រឹត្តអំពើបាបនោះឡើយ, ដូច្នេះប្រសិនពលរដ្ឋទទួលបានការអប់រំ ឬមានសីលធម៌ល្អ គឺជាពេលវេលាល្អបំផុត
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើប្រជាពលរដ្ឋប្រព្រឹត្តអំពើអាក្រក់ច្រើន ច្បាស់ណាស់រដ្ឋនឹងពិបាកគ្រប់គ្រង ដូច្នេះព្រះសង្ឃ និងសាសនាដ៏ទៃទៀត ចូលរួមទូន្មានឲ្យសាសនិករបស់ខ្លួនប្រព្រឹត្តអំពើល្អ
* សម្ដេចតេជោ ហ៊ុន សែន យល់ឃើញថា រាជរដ្ឋាភិបាល គណៈសង្ឃទាំងពីរគណៈ និងជនរួមជាតិ ត្រូវរួមគ្នាបន្តអភិរក្ស និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែរីកចម្រើន តាមរយៈការពង្រឹងព្រះតួនាទីដឹកនាំ និងគ្រប់គ្រងព្រះពុទ្ធសាសនានៅកម្ពុជា, ព្រមទាំងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីពុទ្ធឱវាទ សំដៅជំរុញការប្រតិបត្តិនូវបរមពុទ្ធោវាទឱ្យបានត្រឹមត្រូវ, ជាពិសេសការធ្វើនូវអំពើល្អ, និងការសម្អាតចិត្តឱ្យស្អាតបរិសុទ្ធ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ឈរលើមូលដ្ឋានទ្រឹស្តីព្រះពុទ្ធសាសនា, ការរីកចម្រើនខាងផ្នែកសម្ភារៈ ត្រូវតែមានតុល្យភាពនឹងការរីកចម្រើនខាងផ្នែកស្មារតី, ពោលគឺចំណង់ខាងផ្នែកសម្ភារៈ ត្រូវអនុលោមជាមួយក្របខ័ណ្ឌគតិយុត្តិ សីលធម៌ និងយុត្តិធម៌សង្គម។ ការណ៍នេះ សបញ្ជាក់អំពីភាពចាំបាច់ក្នុងការពង្រីកការផ្សព្វផ្សាយ និងការពង្រឹងការយល់ដឹងអំពីទស្សនវិជ្ជាព្រះពុទ្ធ ក្នុងសង្គមជាតិ សំដៅជំរុញការប្រតិបត្តិធម៌វិន័យ, ការកែលម្អផ្នត់គំនិត និងការគោរពច្បាប់
* សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមយ៉ាងមុតមាំថា «អនុសំវច្ឆរមហាសន្និបាតមន្រ្ដីសង្ឃទូទាំងប្រទេសលើកទី៣៣» នេះ នឹងប្រមូលបាននូវបណ្ដុំបញ្ញាញាណ, បណ្ដុំបទពិសោធន៍ និងទស្សនៈ គ្រប់ជ្រុងជ្រោយ, កំណត់បានត្រឹមត្រូវនូវបញ្ហាប្រឈមមូលហេតុ នៃបញ្ហាប្រឈម, កាត់បន្ថយ និងលុបបំបាត់នូវបញ្ហាអវិជ្ជមានទាំងឡាយ, និងដាក់ចេញនូវវិធានការ និងយន្ដការថ្មីៗ ដើម្បីបង្កើនប្រសិទ្ធភាព នៃការដឹកនាំ និងការគ្រប់គ្រងព្រះពុទ្ធសាសនានៅកម្ពុជា, លើកកម្ពស់ស្មារតី សាមគ្គីធម៌ និងអភិវឌ្ឍសមត្ថភាព ភាពជាគំរូ និងការអប់រំសីលធម៌ សំដៅលើកស្ទួយសុខសន្តិភាពសិនិទ្ធភាពសង្គម សុខដុមនីយកម្មសាសនា និងការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន និងចីរភាព
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ ដាក់ចេញមក រហូតមកដល់ពេលនេះ គោលដៅនៅតែចង់បានភូមិ ឃុំសង្កាត់ មានសុវត្ថិភាព។ ក្នុងន័យនេះ សាសនា ដើរតួនាទីបញ្ជ្រៀបការយល់ដឹងដល់ប្រជាជន
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅទូទាំងប្រទេសមានវត្តសរុបចំនួន ៥១៤៤វត្ត មានព្រះសង្ឃសរុបចំនួន ៧៥,៥៥៦អង្គ ស្មើ១ភាគ៥ នៃកម្លាំងប្រដាប់អាវុធ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា វិធីអប់រំ គឺជាវិធីដ៏មានប្រសិទ្ធភាពដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងអំពីច្បាប់ នៅក្នុងសហគមន៍
* សម្ដេចតេជោ ហ៊ុន សែន អំពាវនាវគ្រប់វត្តអារាម គ្រឹះសាសនា បន្ដរួមចំណែកអប់រំពលរដ្ឋ
* សម្ដេចតេជោ ហ៊ុន សែន បន្ដអំពាវនាវពលរដ្ឋ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបន្ដអភិវឌ្ឍន៍ខឿនការពារជាតិរបស់ប្រជាជន
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មិនត្រឹមតែរាជរដ្ឋាភិបាលនោះទេ ដែលមានតួនាទីការពារជាតិ គឺប្រជាពលរដ្ឋក៏មានតួនាទីការពារជាតិដូចគ្នា
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបន្ដគាំទ្រ និងជួយដល់វិស័យការពារជាតិ តាមរយៈការផ្ដល់ជំនួយ សម្ភារៈជួយដល់សុវត្ថិភាពរបស់កងទ័ព
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើជាតិរលត់ ជាតិត្រូវគេបំពាន សាសនាក៏ត្រូវគេបំពានដូចគ្នា ក្នុងន័យនេះសម្ដេចបន្ដអំពាវនាវពលរដ្ឋចូលរួមការពារជាតិ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្មែរ បាត់ដីអស់ច្រើនណាស់ទៅហើយ យើងមិនមានតម្រូវការចង់បានដីរបស់អ្នកណាទេ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលអតីតកាលបានបន្សល់ទុក ដោយមានក្បួនខ្នាតត្រឹមត្រូវ គឺត្រូវរក្សាទុក
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកខ្លះចង់ឲ្យរាជរដ្ឋាភិបាលទៅវៃយកកោះត្រល់ កម្ពុជាក្រោម និងបណ្ដាខេត្តនៅប្រទេសថៃ ប៉ុន្ដែពួកទាំងនោះបានត្រឹមស្រែកពីខាងក្រៅមកប៉ុណ្ណោះ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលជាសេចក្ដីត្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការពារជាតិ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សភាពការណ៍ព្រំដែន គឺមានស្ថានភាពប្រែប្រួល កម្ដៅឡើងចុះ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គេមិនថ្កោលអ្នកបាញ់ពលរដ្ឋខ្មែរស្លាប់ បែរជាមកថ្កោលទោសរាជរដ្ឋាភិបាលទៅវិញ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រតិកម្មចំពោះការលើកឡើងរបស់បណ្ឌិត សេង សារី, សម្ដេចឆ្លើយតប ឲ្យស្វែងយល់អំពីតួនាទីរបស់សម្ដេចនៅពេលនេះ តើឈរនៅក្នុងតំណែងអ្វី នៅចំណុចណា?
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បណ្ឌិត សេង សារី ជាល្ងង់ទូ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចបានដកខ្លួនចេញពីរាជរដ្ឋាភិបាលហើយ ដូច្នេះមិនអាចទៅនិយាយជំនួសនាយករដ្ឋមន្ដ្រីបានទេ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដូណាល់ត្រាំ ជានិច្ចជាកាលជាអ្នកទូរស័ព្ទមកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា យុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល គឺកំពុងធ្វើបានយ៉ាងត្រឹមត្រូវ, ដូចអ្វីដែលសម្ដេចធ្លាប់បង្ហោះសារថា នេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ដ្រ ស្ងាត់ តែមិនស្ងៀម
* រាល់ការប្រមាថរបស់ថៃ សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបថា បើហ្អែងក្បាលប៉ាន់ដែកចូលមក ដូចជាវៃយកខេត្តនេះខេត្តនោះ ដើម្បីដោះដូរជាមួយប្រាសាទខ្មែរ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហានៅភូមិព្រៃចាន់ គឺថៃចង់ញុះឲ្យខ្មែរដើម្បីផ្ទុះអាវុធ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទាហានថៃនៅភូមិព្រៃចាន់ បាញ់ជំពាមកៅស៊ូចូលដីខ្មែរស្ទើររាល់យប់
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់ខ្លះថៃបាញ់ចូលដីខ្មែរ ស្ទើររាល់ថ្ងៃ តែយើងមិនតបត
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នបញ្ហាទាំងអស់បានដើរដល់បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាព ដូច្នេះយើងមិនអាចតបតដោយផ្ទុះអាវុធនោះទេ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា យុទ្ធសាស្ដ្រ «ស្ងាត់ តែមិនស្ងៀម» បច្ចុប្បន្នការបំពាក់សម្ភារៈការពារឲ្យកងទ័ព គឺមានគ្រប់គ្រាន់
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ដិចទៀត នឹងផលិតសម្ភារបំពាក់ឲ្យកងទ័ពឈ្មោះ DSS ហើយនាំចេញទៅក្រៅប្រទេសវិញទៀត
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នាយករដ្ឋមន្ដ្រី តែងសុំយោបល់ពីសម្ដេច តែមុនឆ្លើយតបសម្ដេចតែងសួរអំពីគំនិតយោបល់ទៅនាយករដ្ឋមន្ដ្រីវិញ តើដោះស្រាយបែបណា
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើខ្មែរផ្ទុះអាវុធត្រឡប់ទៅវិញ ច្បាស់ណាស់នឹងបំផ្លាញដល់បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាព
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដទៃរុញរាជរដ្ឋាភិបាលឲ្យផ្ទុះអាវុធ ជាមួយថៃ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលមុនគេយកពាក្យ អរគុណសន្ដិភាព លេងសើច ប៉ុន្ដែពេលនេះទើបស្គាល់តម្លៃ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលឌឺដងពាក្យ «អរគុណសន្ដិភាព» ភ្លឺភ្នែកនៅពេលនេះ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលឌឺដងពាក្យ អរគុណសន្ដិភាព និងស្ងាត់តែមិនស្ងៀម ភាគច្រើននៅក្រៅស្រុក
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ចង់បានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា JCB កំពុងដើរវាស់បង្គោលព្រំដែន
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា JCB កម្ពុជា-ថៃ កំពុងដើរពិនិត្យ និងបោះបង្គោលព្រំដែន
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមានសិទ្ធិ ពន្យល់ប្រជាពលរដ្ឋអំពីគោលជំហររបស់រាជរដ្ឋាភិបាល
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តាំងពីប្រទេសថៃបិទព្រំដែន កម្ពុជាមិនដែលសុំបើកឡើយ ហើយថៃបិទ១០០ឆ្នាំទៀត ក៏ខ្មែរមិនងាប់ដែរ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចប្រឆាំងដាច់ខាតចំពោះសំណើគ្រប់ទម្រង់ទាំងអស់របស់រាជរដ្ឋាភិបាល ដែលស្នើបើកព្រំដែនជាមួយថៃ, យើងមិនមែនអ្នកបិទទេ ដូច្នេះកុំធ្វើថោកទៅអង្វរសុំគេ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនធ្វើថោកឲ្យថៃបើកច្រកព្រំដែនទេ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ត្រូវពង្រឹងសមត្ថភាពនៃការផ្គត់ផ្គង់ទំនិញ ឬត្រូវយកប្រភពផ្សេងមកជំនួសថៃ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់វិនិយោគិន ដែលផលិតនៅក្នុងប្រទេសកម្ពុជា ទោះជាតិសាសន៍ណាក៏ដោយ ត្រូវចាត់ទុកជាផលិតផលរបស់កម្ពុជា
* សម្ដេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋខ្មែរ កុំដើរហួស ឬជ្រុល, ទំនិញផលិតក្នុងស្រុកខ្មែរ គឺជារបស់ខ្មែរ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា PTT រាល់ថ្ងៃយកប្រេងមកពីប្រទេសសិង្ហបុរី មិនមែនយកប្រេងមកពីប្រទេសថៃទេ
* សម្ដេចតេជោ ហ៊ុន សែន សំណូមពរអាជីវករដែលមានផលិតផលថៃ សូមលក់ឲ្យអស់ តែកុំនាំចូលបន្ដមកទៀត
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សុទ្ធតែកំពុងលេងល្បែងចាញ់ចាញ់, កម្ពុជាលោតទាបធ្លាក់មកឈឺតិច ថៃលោតខ្លាំងធ្លាក់មកឈឺខ្លាំង
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ក្រៅផ្លូវការជាង១០ពាន់លានដុល្លារ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ដែលកត់ត្រាផ្លូវការដោយគយ ជាង៦ពាន់លាន, កម្ពុជានាំចេញ១១០០លានដុល្លារ ថៃនាំចូល៥៤០០លានដុល្លារ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សភាពាណិជ្ជកម្មថៃ តែងប្រកាសអំពីការបាត់បង់ក្នុងការនាំទំនិញចេញមកកម្ពុជា
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមិនជ្រៀតជ្រែកកិច្ចការរបស់នាយករដ្ឋមន្ដ្រីឡើយ
* សម្ដេចតេជោ ហ៊ុន សែន បានចោទសួរថា «តើចង់បានសង្គ្រាម ឬចង់បានសន្ដិភាព»? គ្មានកិច្ចព្រមព្រៀងណាមួយដែលនិយាយដល់ចំណុចកាត់ដី ឬដោះដូរដី ដើម្បីសន្ដិភាពឡើយ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការដោះមីនត្រូវធ្វើឡើងរួមគ្នា មិនអាចធ្វើដោយឯកតោភាគីបានឡើយ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សូមកុំភ័ន្ដច្រឡំថារាជរដ្ឋាភិបាល កាត់ដី ដើម្បីដោះដូរជាមួយសន្ដិភាព
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប៉ុន្មានថ្ងៃនេះថៃគំរាមវាយយកប្រាសាទតាក្របីរបស់កម្ពុជា
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើជ្រុលតែកាត់ដី ដោះដូរសន្ដិភាពជាមួយគេ មិនចាំបាច់ច្បាំងគ្នាប៉ុន្មានថ្ងៃនោះទេ
* សម្ដេចតេជោ ហ៊ុន សែន ផ្ដាំអ្នកលេងបណ្ដាញសង្គម កុំរពឹសដៃទៅខំមិន ជាមួយក្រុមអ្នកបង្ហោះសារញុះញង់
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មកទល់ម៉ោងនេះ កម្ពុជាមិនទាន់មានដកសញ្ជាតិពីអ្នកណាម្នាក់ទេ ខុសពីថៃ ដែលដកសញ្ជាតិថៃពីអ្នកឧកញ៉ា លី យ៉ុងផាត់ និងអ្នកឧកញ៉ា កុក អាន
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះ មានប្រទេសជាច្រើនណាស់ ដែលមានច្បាប់ដកសញ្ជាតិ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលឈ្លានពានគេ គឺកាន់តែគ្រោះថ្នាក់ ជាងអ្នកដែលត្រូវគេឈ្លានពាន
* សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅទាហានថៃថា បើក្បាលមិនប៉ានដែកទេ សូមកុំមាត់ឆៅពេក
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទ័ពខ្មែរ គ្មានខ្មោចស្អុយលើដីគេទេ ព្រោះយើងមិនចូលដីគេទេ, ខ្មោចស្អុយនៅព្រំដេនខ្មោចរបស់អ្នកណា បើខ្មែរមិនចូលដីគេនោះ។ ខ្មោចលើដីអ្នកឯង គឺខ្មោចអ្នកឯង
* សម្ដេចតេជោ ហ៊ុន សែន ជូនសារទៅកាន់ប្រជាពលរដ្ឋថៃ មានបាត់កូនចៅដែរឬអត់?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ សូមបញ្ឈប់ការនិយាយរឿងបើកព្រំដែន, ខ្មែរមិនដែលទៅសុំបើកទេ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រជុំក្នុងតំបន់ តែងនិយាយអំពីការតភ្ជាប់ ប៉ុន្ដែការបិទព្រំដែនកម្ពុជា-ថៃ គឺជាការកាត់ផ្ដាច់ ទាំងក្នុងអាស៊ានតែម្ដង
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប៉ុន្មានខែកន្លងទៅនេះ កម្ពុជា-ថៃ ស្ថិតក្នុងស្ថានភាពចាញ់ចាញ់ ព្រោះប្រជាជនត្រូវរត់លូនគេច និងប៉ះពាល់ដល់ពាណិជ្ជកម្ម
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកប្រើប្រាស់ គឺជាចៅហ្វាយ, ទំហំពាណិជ្ជកម្មដែលថៃនាំចូលកម្ពុជា មិនមែនតិចនោះទេ ពោលមួយឆ្នាំ៥០០០លានដុល្លារ សម្រាប់ប្រជាពលរដ្ឋថៃ មិនតូចនោះទេដែលខាត់បង់ ទំនិញដែលនាំចូលមកកម្ពុជា
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ស៉ីម៉ង់ខេស៉ីមែន បើទោះអ្នកផលិតមកពីថៃ តែផលិតនៅក្នុងស្រុក ដូច្នេះមិនត្រូវសម្លាប់ខ្លួនឯងនោះទេ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ គ្មានផលចំណេញនោះទេ សូមបញ្ឈប់ការញុះញង់ឲ្យរាជរដ្ឋាភិបាលប្រើប្រាស់កម្លាំងប្រដាប់អាវុធ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការចរចារវាងកម្ពុជា-ថៃ បានដើរដល់កម្រិតកំពូលហើយ។
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចស្គាល់ច្បាស់អំពីកម្រិតពិធីការរបស់អាមេរិក ថ្វីត្បិតតែទឹកដីប្រទេសម៉ាឡេស៉ី ប៉ុន្ដែបន្ទប់របស់អាមេរិក។
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា នៅថ្ងៃខាងមុខ អាវក្រោះដែលផលិតនៅប្រទេសកម្ពុជា ម៉ាក DSS នឹងនាំចេញទៅក្រៅប្រទេស ខណៈសម្ដេចគឺជាថៅកែយីហោអាវក្រោះនេះ។
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣» ដែលនឹងប្រកាសបើកនាពេលបន្តិចទៀតនេះ នឹងប្រព្រឹត្ដទៅក្រោមស្មារតី មហាសាមគ្គីភាព ដ៏ទូលំទូលាយ និងស្និទ្ធស្នាលបំផុត ស្របពេលដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ ប្រកបដោយសុខសន្ដិភាព វិបុលភាព សុភមង្គល, ព្រមទាំងមានសិទ្ធិសេរីភាពពេញលេញ ខាងជំនឿសាសនា និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់ដ៏ត្រជាក់បំផុតរបស់ ព្រះករុណា ព្រះបាទសមេ្ដចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាកងទ័ពកម្ពុជា១៨រូប ដែលត្រូវបានថៃចាប់ខ្លួន ក្រោយបទឈប់បាញ់ប៉ុន្មានម៉ោង គឺសម្ដេចបានចាត់ទុកពួកគាត់ពលីកម្មដើម្បីជាតិស្រាប់ទៅហើយ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តាំងពីម៉ោងដំបូងដែលគេចាប់ខ្លួនកងទ័ពកម្ពុជា១៨រូប គឺច្បាស់ណាស់ដើម្បីដោះដូរជាមួយអ្វីមួយ
* សម្ដេចតេជោ ហ៊ុន សែន ស្រែកសួរថា តើច្បាប់អន្ដរជាតិនៅឯណាទៅ?
* សម្ដេចតេជោ ហ៊ុន សែន បានចោទសួរថា ចាប់កងទ័ពកម្ពុជា លើដីកម្ពុជា យកទៅធ្វើចំណាប់ខ្មាំង តើច្បាប់អន្ដរជាតិនៅឯណា? អ្នកតំណាងផ្នែកច្បាប់របស់អង្គការសហប្រជាជាតិ ដែលជាជនជាតិថៃ នៅឯណា?
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កងទ័ពកម្ពុជាទាំង១៨រូប មិនមែនជាឈ្លើយសឹកទេ។ ទ័ពខ្មែរស្លូតពេកហើយ ដែលគេសុំចាប់ដៃ បែរជាមកចាប់ខ្លួនទៅវិញ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសុំទោសទៅកាន់ក្រុមគ្រួសារ សាច់ញាតិ វីរកងទ័ពកម្ពុជាទាំង១៨រូប ដែលសម្ដេចបានចាត់ទុកថា ពួកគាត់បានពលីដើម្បីជាតិរួចបាត់ទៅហើយ
* ជាថ្មីម្តងទៀត ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចតេជោ ហ៊ុន សែន សូមឱ្យ «អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣៣» នេះ សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ដើម្បីអភិរក្ស និងអភិវឌ្ឍព្រះពុទ្ធសាសនា ឱ្យកាន់តែរីកចម្រើន និងលើកកម្ពស់តួនាទីព្រះពុទ្ធសាសនាក្នុងសង្គមកម្ពុជា, តាមរយៈការអប់រំសីលធម៌សង្គម និងសុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋ
* សម្ដេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ សម្រាប់ឧបត្ថម្ភកម្មវិធីរៀបចំអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី៣៣ ចំនួន២០,០០០,០០០រៀល។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង១០៖០៤នាទី, នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕







































