នារីពលករខ្មែរម្នាក់ក្នុងចំណោមពលករប្រុស ស្រី ជាង១០ នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅដ៏ឃោឃៅរបស់សៀម យ៉ាងតិច០៧នាក់ចាប់នាងរំលោភបូក ពេលពួកនាងធ្វើដំណើរវិលត្រឡប់ពីប្រទេសសៀម មកកាន់ប្រទេស កំណើតវិញ ហើយថែមទាំងវាយធ្វើទារុណកម្មពលករប្រុសៗ និង ប្លន់យកទូរស័ព្ទ និង លុយកាក់អស់គ្មានសល់។ នេះបើតាមប្រភពព័ត៏មានពីមន្ត្រីព្រំដែន។
បើតាមសេចក្ដីរាយការណ៏ ទង្វើដ៏ឃោឃៅរបស់ពួកទាហានសៀម ប្រព្រឹត្តមកលើពលករខ្មែរខាងលើនេះ បានកើតឡើង នៅយប់ថ្ងៃទី ១៥ វិច្ឆិកា ខណៈដែលក្រុមពលករខ្មែរ ធ្វើដំណើរវិលត្រឡប់ពីស្រុកសៀម មកជិតដល់ព្រំដែនខ្មែរ-សៀម ឈមនឹងស្រុកកំរៀង ខេត្តបាត់ដំបង។ ក្រុមពលករខ្មែរមានចំនួន១៣នាក់ ក្នុងនោះមានស្ត្រីចំនួន០៦នាក និង ក្មេងតូចម្នាក់ផង។
ប្រភពដដែលបានប្រាប់ថា ក្រុមពលករខ្មែរទាំងនេះ បានឆ្លងអូរព្រំដែន ចូលមកកាន់ប្រទេសកំណើតវិញ នៅម៉ោងប្រហែល១០យប់ថ្ងៃទី ១៥ វិច្ឆិកា តាមច្រករបៀងមួយកន្លែង ក្បែរប៉ុស្ដ៏នគរបាលការពារព្រំដែន «ស្វាយចេក» ស្ថិតក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង។ ពោល៖ ក្រុមពលករខ្មែរទាំង១៣នាក់ បានឆ្លងអូរព្រំដែន រួចផុតពីក្រញ៉ាំដៃពួកទាហានសៀម ក្រោយពេលពួកទាហានសៀមវាយធ្វើទារុណកម្ម និង ចាប់រំលោភលើនារីខ្មែរម្នាក់យ៉ាងឃោឃៅ។
នារីខ្មែរដែលត្រូវក្រុមទាហានឈុតខ្មៅសៀមចំនួន០៧នាក់ព្រូតគ្នាចាប់នាងរំលោភនោះឈ្មោះ ធ.ស.ហ អាយុ១៨ឆ្នាំ។ ក្រុមពលករខ្មែរទាំងនោះ មិនបានចាំ ឬ ស្គាល់ចំណុចដែលក្រុមទាហានសៀមចាប់វាយធ្វើបាបទេ។ ប៉ុន្តែពួកគេនិយាយថា ទង្វើដ៏សាហាវព្រៃផ្សៃរបស់ពួកទាហានសៀម បានកើតឡើងនៅក្នុងទឹកដីសៀម ពេលពួកគេធ្វើដំណើរតាមរថយន្ត មកជិតដល់ព្រំដែនខ្មែរ សៀម។
តាមការស្រង់សម្ដី ពីក្រុមពលករខ្មែរ បានរៀបរាប់ពីទង្វើព្រៃផ្សៃរបស់ពួកទាហានសៀមថា ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ពួកទាហានឈុតខ្មៅ បានកាក់រថយន្តដែលពួកគេជិះ ហើយឲ្យចុះនាំពួកគេទៅសាកសួរ។ ជាមួយនឹងការសួរនាំ ពួកទាហានសៀមបាន វាយធ្វើបាបលើពលករខ្មែរទាំងអស់ ជាពិសេសពលករប្រុសៗ ត្រូវពួកវាវាយធ្វើទារុណកម្មយ៉ាងសាហាវឃោឃៅ។ ពួកវាវាយផង ទាត់ផង ធាក់ផង ហើយថែមទាំងអុកនឹងស្វ័យកាំភ្លើងទៀត។
ប្រភពដដែល បានស្រង់សម្ដីពីពលករទៀតថា ស្របពេលដែលពួកទាហានសៀមកំពុងវាយធ្វើទារុណកម្មលើពួកគេ ស្រាប់តែពួកវាបានអូសនារីវ័យក្មេងម្នាក់ (ជនរងគ្រោះខាងលើ) យកទៅចាប់រំលោភយ៉ាងឃោឃៅបំផុត ដែលមានគ្នាយ៉ាងតិចចំនួន០៧នាក់ បានចាប់រំលោភលើនាង។ ក្រុមពលករបានបញ្ជាក់ថា ក្រោយពីវាយធ្វើបាបពលករខ្មែរអស់ចិត្ត ពួកទាហានសៀម បានប្លន់យកលុយពីក្រុមពលករអស់ប្រមាណ៦,៥០០បាត និង ទូរស័ព្ទចំនួន០៤គ្រឿង ទើបពួកគេដោះលែងឲ្យបន្តដំណើរឆ្លងអូរព្រំដែនទាំងកណ្ដាលយប់ ត្រឡប់ចូលដីខ្មែរវិញ។
ក្រុមពលករខ្មែរទាំង១៣នាក់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលការពារព្រំដែន ប្រចាំប៉ុស្ដ៏«ស្វាយចេក» សហការជាមួយកម្លាំងយោធាការពារព្រំដែន នៅតំបន់នោះ ទទូលនិងនាំយកទៅប្រគល់ជូនក្រុមការងារ«មណ្ឌលទទួលពលករ» ប្រចាំស្រុកកំរៀង ក្រោយបញ្ជប់ការសួរនាំបឋម នៅប៉ុស្ដ៏ព្រំដែន។
មន្ត្រីដែលទទូលបន្ទុកការងារនេះ បានប្រាប់ដែរថា ក្រោយបានសួរនាំក្រុមពលករទាំងនោះ ក្រុមការងារ បានបញ្ជូនក្រុមពលករ ជាមួយនឹងនារីរងគ្រោះផង ទៅកាន់មណ្ឌលសុខភាពហើយ ដើម្បីពិនិត្យសុខភាពពួកគេ ជាពិសេសនារីរងគ្រោះ ដែលត្រូវក្រុមទាហានតិរិច្ឆានសៀមចាប់នាងរំលោភបូក ។


