ស្ដ្រីម្នាក់ ត្រូវបានឃាតកសង្ស័យជាអ្នកជំពាក់លុយសម្លាប់ រួចយកសពទៅកប់ក្រោយផ្ទះ ស្ថិតក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៉ឹម ទីណា អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិក មីក្រូហិរញ្ញវត្ថុ រស់នៅភូមិឫស្សីលរ៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ បានបាត់ដំណឹង (ឪពុកម្ដាយតេទូរស័ព្ទមិនចូល) ពេលនោះឪពុកម្ដាយបានស្វែងរកតាមភូមិ និងបានប្ដឹងប៉ុស្តិ៍រដ្ឋបាលឃុំស្វាយភ្លើងដើម្បីឲ្យជួយរក។
លុះដល់ម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឪពុកជនរងគ្រោះឈ្មោះ មុត ហុន អាយុ៥៤ឆ្នាំ បានមករកមើលនៅផ្ទះជនសង្ស័យ (ផ្ទះឪពុកម្តាយ) សង្ស័យឈ្មោះ ម៉ន សីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ស្រាប់តែឃើញស្នាមកាប់ដីដូចកប់ថ្មីៗ មានសង្កត់ស័ង្កសី ដុំថ្ម និងធង់ទឹកពីលើ ពេលឃើញដូចនោះគាត់បានទៅប្ដឹងប៉ុស្ដិ៍តែម្ដង។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងនគរបាលជំនាញ ធ្វើការជីកមើលក៏ឃើញសាកសពជនរងគ្រោះ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ដទៀត។
បើតាមការបញ្ជាក់របស់លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យបញ្ជីឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរួមមក មិនមានឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គរគ្រួសារខ្មែរនេះទេ នារីរងគ្រោះអាចជាបុគ្គលិករបស់ក្រុមផ្តល់កម្ចីក្រៅប្រព័ន្ធ៕




ជនសង្ស័យជាឃាតក
