ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា-វៀតណាមទាំងពេលកន្លងមកនិងបច្ចុប្បន្ន តែងតែសហការ និងគាំទ្រដល់គ្នាទៅវិញទៅមក ទាំងវិស័យការពារជាតិ និងវិស័យផ្សេងៗទៀត ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍប្រទេសជាតិបានយ៉ាងឆាប់រហ័ស។
ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅសាលារៀនបឋមសិក្សា សាំង សុវណ្ណ ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ដោយមានការចូលរួមពីនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមផងដែរនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយបណ្តាថ្នាក់ដឹកនាំ របសភាគីមិត្តវៀតណាមជាច្រើនលើកកន្លងមក បានឆ្លុះបញ្ចាំង អំពីទំនាក់ទំនង មិត្តភាពល្អជិតស្និទ្ធដ៏យូរលង់ រវាងប្រទេស កម្ពុជា-វៀតណាម។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ជាពិសេសមិត្តវៀតណាមក៏នៅតែប្រកាន់ជំហរ មិនប្រែប្រួល ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា និងបន្តគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧។
រដ្ឋមន្ត្រីក្រសួងការពារជាតិបន្ថែមថា ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម ក៏បានឯកភាពគ្នាបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ក្នុងកម្រិតខ្ពស់ ស្របតាមដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា សម្រាប់ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ក៏សង្កេតឃើញមានការកើនឡើងជាបន្តបន្ទាប់នូវសកម្មភាពកិច្ចសហប្រតិបត្តិការ ដែលរួមមាន៖ ការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក , ការហ្វឹកហ្វឺន និងការបណ្តុះបណ្តាលយោធិន ដើម្បីបង្កើនសមត្ថភាព ជាពិសេសមានការរៀបចំលំហាត់សមយុទ្ធរួមគ្នា ដែលនឹងផ្តោតសំខាន់លើការសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ឡាវ-វៀតណាម ។
ប្រមុខការពារជាតិកម្ពុជាអះអាងថា សកម្មភាព ទាំងនេះ បានពង្រឹងនូវទំនាក់ទំនង និងបង្កើនជំនឿទុកចិត្តក្នុងវិស័យការពារជាតិ និងសន្តិសុខ ដើម្បីឈានទៅដល់ការកសាងកិច្ចសហប្រតិបត្តិការយោធារួមគ្នា ដើម្បីចូលរួមជំរុញលើកកម្ពស់ចក្ខុវិស័យសន្តិសុខរួមសហប្រតិបត្តិការ និងសន្តិសុខ ប្រកបដោយនិរន្តរភាព ព្រមទាំងចូលរួមរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់រួមគ្នាផងដែរ៕







