អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានណែនាំដល់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដែលចូលកាន់តំណែងថ្មីត្រូវបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាគ្រប់កម្លាំងពាក់ព័ន្ធដើម្បីបង្កើនកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យមានប្រសិទ្ធភាពនិងឈានទៅរក្សាសេចក្តីសុខជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន បានល្អប្រសើរថែមទៀត ។
ក្នុងពិធីប្រកាស តែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃស្នងការដ្ឋាននគរបាលខេត្តនៅសាលាខេត្តស្ទឹងត្រែងនាថ្ងៃទី ២២ ខែតុលាឆ្នាំ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិមានប្រសាសន៍ថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំពេលនេះជាការបង្កើននិងផ្តល់នូវបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីធ្វើប្រតិបត្តិការអនុវត្តការងារសន្តិសុខសណ្តាប់ធ្នាប់ ឱ្យកាន់តែមានប្រសិទ្ធភាព ព្រោះស្នងការដ្ឋាននគរបាលជាកម្លាំងសេនាធិការ ចំណុះគណៈបញ្ជាការខេត្ត។
ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តជាសេនាធិការ ជូនគណៈបញ្ជាការឯកភាពខេត្ត រួមគ្នាជាមួយកងកម្លាំងកងរាជអាវុធហត្ថ រួមគ្នាជាមួយកងទ័ពប្រសិនបើចាំបាច់ និងមន្ទីរជំនាញនៅក្នុងខេត្ត ខាងលើនេះហើយ ដែលនាំឲ្យការដឹកនាំរបស់ខេត្តប្រព្រឹត្តទៅល្អ ហើយធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរ ផ្សេងៗ ទាំងជាតិនិងអន្តរជាតិផងដែរ។
លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែងដែលចូលកាន់តំណែងថ្មីបានប្តេជ្ញាអនុវត្តតាមការតម្រង់ទិស របស់ថ្នាក់ដឹកនាំ ដើម្បីបំពេញ ភារកិច្ចឱ្យបានល្អក្នុងការដឹកនាំកងកម្លាំងបង្កា ទប់ស្កាត់ បង្ក្រាបបទល្មើស ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។
លោកឧត្តមសេនីយ៍ទោបន្តថា៖ បន្ថែមពីលើនេះនិងបង្កើនកិច្ចសហការគ្រប់កម្លាំងពាក់ព័ន្ធសាមគ្គីភាពផ្ទៃក្នុង ឈានឆ្ពោះទៅរកភាពរីកចំរើន ការអភិវឌ្ឍន៍និងធានាអនុវត្តឱ្យបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនខេត្ត និងប្រជាជនក៍ដូចជាប្រទេសជាតិយើងទាំងមូល។
សូមបញ្ជាក់ថា៖ពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តស្ទឹងត្រែងនេះគឺលោកឧត្តមសេនីយ៍ទោសារីបុត្រសត្យាអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ មកទទួលតំណែងជាស្នងការនគរបាលខេត្តស្ទឹងត្រែងជំនួសលោកឧត្តមសេនីយ៍ទោអូតស៊ីវុត្ថា ត្រូវទៅទទួលភារកិច្ចថ្មីនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ៕

















