ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំចូលរួមបម្រើសេវាកម្ម បើករថយន្តបំពាក់ឧបករណ៍ផ្ញើសារបោកប្រាស់ (ការផ្តល់សេវាកម្មជួល ឬបើកបរយានយន្តបំពាក់ឧបករណ៍ FAKE BTS ដែលជាវិធីសាស្រ្តកាត់ផ្តាច់សេវាក្រុមហ៊ុនទូរស័ព្ទ) ។
យោងតាមស្នងការខេត្តនាថ្ងៃទី២២ ខែតុលានេះ បានឲ្យដឹងថា ឧត្តមសេនីយ៍ឯក ស រដ្ឋា បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រយ័ត្ន និងជៀសវាងការផ្តល់សេវាកម្មជួលឬបើកបរយានយន្តបំពាក់ឧបករណ៍ FAKE BTS (Fake Base Transceiver Station) ដែលប្រើវិធីសាស្រ្តផ្តាច់សេវាក្រុមហ៊ុនទូរស័ព្ទរួចផ្ញើសារ SMS ផ្សាយពាណិជ្ជកម្មរំខាន ឬរាល់ប្រភេទសារ ដែលផ្តល់តំណភ្ជាប់ (link) ដោយមិនទាន់មានការពិនិត្យ។
សមត្ថកិច្ចជំនាញ បានរកឃើញថា ឧបករណ៍ផ្ញើសារ SMS ដែលប្រើសម្រាប់ផ្សព្វផ្សាយសេវាកម្មទាំងនេះ គឺអាចផ្ញើតំណទៅកាន់គេហទំព័របោកប្រាស់ និងអាចភ្ជាប់កម្មវិធី malware ឬ hack ដែលត្រូវបានរចនាឡើងដើម្បីរំខាន បំផ្លាញ ឬទទួលបានសិទ្ធិចូលគ្រប់គ្រងលើប្រព័ន្ធឧបករណ៍អេឡិចត្រូនិច ឬទូរស័ព្ទរបស់អ្នកដែលចុចចូលក្នុងសារនោះ ដោយពុំចាំបាច់មានការអនុញ្ញាតឡើយ ។ ហេតុនេះ កុំចុច ឬផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ឬលេខកូដ OTP ឲ្យសោះ ។
ការចេញមកហាមរបស់ស្នងការខេត្តព្រះសីហនុនេះ បន្ទាប់ពីសមត្ថកិច្ចខេត្ត បានត្រួតពិនិត្យ រថយន្ត Prius ពណ៌ស ស្លាកលេខ 2A-7170 ដែលបើកបរដោយឈ្មោះ ពៅ លីហាវ (ជនជាតិខ្មែរ, ភេទប្រុស, កើតថ្ងៃទី ៣០ ខែមករា ឆ្នាំ២០០១) ហើយបានរកឃើញមានឧបករណ៍ប្រើសម្រាប់ផ្ញើសារ SMS និងឧបករណ៍ផ្សេងៗទៀតដែលអាចប្រើសម្រាប់បង្កើត និងផ្ញើគេហទំព័បោកប្រាស់ កាលពីថ្ងៃកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្លូវ៣០០ ក្បែរកាស៊ីណូ ប៉ឡាយ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕




