នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃ (DDPM) បានរាយការណ៍កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៥ ថា ទឹកជំនន់នៅតែបន្តវាយប្រហារខេត្តចំនួន ១៦ ហើយបានប៉ះពាល់ដល់ប្រជាជនជាង ២៥ម៉ឺននាក់។ ក្នុងចំណោមនេះ មានអ្នកស្លាប់ចំនួន ៤ នាក់ នៅខេត្តភេតឆាប៊ុន (Phetchabun), ភីឈីត (Phichit) និងអាយុធ្យា (Ayutthaya)។
តាមរបាយការណ៍ បច្ចុប្បន្នស្រុកចំនួន ៦៣ ឃុំចំនួន ៣៧២ និងភូមិជាង ២,០០០ ត្រូវបានទឹកជំនន់លិចធ្ងន់ធ្ងរ។ ទឹកដែលហូរចេញពីទំនប់ចៅប្រាយ៉ា (Chao Phraya) បានបណ្តាលឲ្យមានទឹកជំនន់នៅក្នុងខេត្តភាគកណ្តាលចំនួន ៨ រួមមាន៖ ឧទ័យធានី (Uthai Thani), សិងបុរី (Sing Buri), អាងថុង (Ang Thong), ស៊ុផានបុរី (Suphan Buri), អាយុធ្យា (Ayutthaya), បទុមធានី (Pathum Thani) និងនគរបទុម (Nakhon Pathom)។
តំបន់ទាំងនេះបានប៉ះពាល់ដល់ប្រជាជនជាង ១៨ម៉ឺននាក់ ក្នុងចំណោមជាង ៥៦,០០០ គ្រួសារ។ ការរាយការណ៍ក៏បញ្ជាក់ថា មានអ្នកស្លាប់បន្ថែមចំនួន ២ នាក់ នៅក្នុងខេត្តអាយុធ្យា។






