លោកស្រី Sushila Karki ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន នៅយប់ថ្ងៃសុក្រ ទី១២ កញ្ញា នៅ វិមានប្រធានាធិបតី លោកស្រីបានស្បថចូលកាន់តំណែង នៅចំពោះមុខប្រធានាធិបតី មន្ត្រីជាន់ខ្ពស់នេប៉ាល់ និងមន្ត្រីអង្គទូត។
លោកស្រីមានភារកិច្ចដ៏ធំធេងដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ដើម្បីការរួបរួមជាតិ និងរៀបចំការបោះឆ្នោត នៅថ្ងៃទី៥ មីនា ឆ្នាំ២០២៦ បន្ទាប់ពីផ្ទុះបាតុកម្មនៅក្រុង Katmandou ប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយលោក Khadga Prasad Sharma Oli នៅដើមសប្តាហ៍នេះ។ បាតុកម្មហិង្សានេះបានបណ្តាលឲ្យមនុស្សស្លាប់ យ៉ាងហោចណាស់ ជាង៧០នាក់ និងរបួសជាង ១៩០នាក់ ព្រមទាំងបានបំផ្លិចបំផ្លាញវិមានរដ្ឋសភា និវេសនដ្ឋានរបស់លោកអតីតនាយករដ្ឋមន្ត្រី និងផ្ទះឥស្សរជនជាន់ខ្ពស់នេប៉ាល់ ជាច្រើនកន្លែង។ នេះបើយោងតាមតុល្យការរបស់អាជ្ញានេប៉ាល់ នៅថ្ងៃអាទិត្យ ទី១៤ កញ្ញា។
នៅថ្ងៃអាទិត្យ ដដែល លោកស្រីនាយករដ្ឋមន្ត្រីបណ្តោះអាសន្នបានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូង។
លោកស្រីបានសន្យាជិករំលើងឫសគល់នៃអំពើពុករលួយក្នុងប្រទេស រៀបចំប្រទេសឲ្យល្អប្រសើរ និងព្យាយាមធ្វើឲ្យមាន សមភាពសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងទាមទាររបស់បាតុករនេប៉ាល់ ដែលសុទ្ធសឹងជាយុវជនមានវ័យចន្លោះពី ១៥ឆ្នាំ ទៅ២៥ឆ្នាំ។ លោកស្រីមិននឹកស្មានថា ទទួលបានការគាំទ្រយ៉ាងភ្លក់ទឹកស្លឹកដីពីសំណាក់យុវជនយ៉ាងដូច្នេះឡើយ ដោយឃើញ ឈ្មោះ របស់លោកស្រី នៅតាមដងផ្លូវនៃទីក្រុង Katmandou។
លោកស្រី ក៏បានអះអាងថា ទោះបីជាស្ថានការណ៍នយោបាយក្នុងប្រទេសនេប៉ាល់ ប្រែក្លាយទៅជាយ៉ាងណាក្តី ក៏ រដ្ឋាភិបាលបណ្តោះអាសន្ន របស់លោកស្រី នឹងមិនដឹកនាំប្រទេសលើសពី ៦ខែឡើយ ពោលគឺកាន់អំណាចរហូត ដល់ត្រឹមថ្ងៃ បោះឆ្នោត នៅខែមីនា ឆ្នាំក្រោយ។ បន្ទាប់មក លោកស្រីនឹងផ្ទេរអំណាចទៅរដ្ឋាភិបាល ដែលជាប់ឆ្នោតថ្មី។
ប៉ុន្មានម៉ោងក្រោយពីការប្រកាសតែងតាំងនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃសៅរ៍ ទី១៣ កញ្ញា ទាហាននេប៉ាល់ បានបន្ធូរបន្ថយបំរាម គោចរនៅក្រុង Katmandou និងបណ្តាក្រុងផ្សេងៗទៀត។
ស្ថានការណ៍ប្រទេសចាប់ផ្តើមវិលទៅរកភាពប្រកតិឡើងវិញ។ ប្រជាជននេប៉ាល់ភាគច្រើនបានសាទរ ចំពោះការតែងតាំងលោក ស្រី ស៊ូស៊ីឡា ដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ហើយពួកគេសង្ឃឹមថា លោកស្រីនឹងអាចដឹកនាំប្រទេសឲ្យល្អប្រសើរឡើងវិញ។
វ័យ៧៣ឆ្នាំ និងជាស្រីដំបូងគេដែលកាន់តំណែងជានាយករដ្ឋមន្ត្រីនេប៉ាល់ លោកស្រីស៊ូស៊ីឡា កាគី ត្រូវគេទទួលស្គាល់ និងចាត់ ទុកថាជាមនុស្សទៀងត្រង់ សុចរិត និងល្បីល្បាញខាងប្រឆាំងអំពើពុករលួយ។
ជាក់ស្តែង នៅឆ្នាំ២០១២ លោកស្រីអតីត ប្រធានចៅក្រមតុលាការកំពូលរូបនេះ បានកាត់ទោសរដ្ឋមន្ត្រីក្រសួងព័ត៌មាន ពីបទពុករលួយ។ នៅឆ្នាំ២០១៧ ក្រោយពីបាន ចេញដីកាលុបចោលការតែងតាំងមេប៉ូលិសនេប៉ាល់មួយរូប ក្រុមកុម្មុយនិស្តម៉ៅនិយម និងរដ្ឋសភានេប៉ាល់ បានព្យាយាមដក តំណែងលោកស្រី ដោយចោទលោកស្រីថា បានលូកដៃចូលកិច្ចការនិតិប្រតិបត្តិ។ ប៉ុន្តែការដកដំណែងរបស់លោកស្រី គឺមិនបាន សម្រេចឡើយ៕

