កិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តកោះកុង។
ភាគីកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រីឯភាគីថៃ ដឹកនាំដោយលោក ណាត់តាផុន ណាក់ផានីត រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ។ ការបើកកិច្ចប្រជុំនេះបានឡើងបន្ទាប់ពីបញ្ចក់កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ក្នុងរយៈពេល ៣ថ្ងៃ ដោយក្រុមការងារលេខាធិការដ្ឋាននៃប្រទេសទាំងពីរ បានចូលរួមពិភាក្សាក្នុងបរិយាកាសប្រកបដោយមិត្តភាព និងស្ថាបនា ក្នុងគោលបំណងជំរុញកិច្ចសន្ទនាប្រកបដោយផ្លែផ្កា លើកកម្ពស់ការកសាងទំនុកចិត្ត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។
តាមការប្រកាសរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំពិសេស GBC នេះធ្វើឡើងដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
ក្រសួងការពារជាតិបានអះអាងទៀតថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាពេលនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរអាចបន្តជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពវិញបានឆាប់រហ័ស។
គួររម្លឹកថា បន្ទាប់ពីកិច្ចប្រជុំពិសេស GBC កាលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។ ភាគីកម្ពុជា ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ចំណែកភាគីថៃ ដឹកនាំដោយរដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិថៃ លោក ណាត់ថាក់ផុន ណាកផានីត។
តាមកិច្ចព្រមព្រៀងដែលប្រកាសក្រោយកិច្ចប្រជុំពិសេស GBC បានបញ្ចប់ បានឱ្យដឹងថា កម្ពុជា-ថៃ ព្រមព្រៀងគ្នាថែរក្សាការទំនាក់ទំនងទៀងទាត់រវាងទីតាំងកងទ័ពទាំងអស់ តំបន់យោធា និងអង្គភាពនៅតាមបណ្ដោយព្រំដែននៃភាគីទាំងសងខាង និងប្រឹងប្រែងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសជម្លោះ។
បន្ថែមពីនេះ ភាគីទាំងពីរ នឹងកោះប្រជុំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (RBC) ក្នុងរយៈពេល២សប្ដាហ៍ បន្ទាប់ពីកិច្ចប្រជុំពិសេស GBC នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ទីតាំងរៀបចំ កិច្ចប្រជុំនឹងត្រូវបានកំណត់ស្របទៅតាមការទទួលធ្វើជាម្ចាស់ផ្ទាស់ប្ដូរវេនជាទៀងទាត់។ ភាគីទាំងពីរ រក្សាបណ្ដាញទំនាក់ទំនងជាទៀងទាត់ និងដោយផ្ទាល់រវាងកម្រិតរដ្ឋមន្ត្រី និងមន្ត្រីយោធាជាន់ខ្ពស់។
ភាគីទាំងសងខាងក៏បានឯកភាពទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬមិនពិត ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង កាត់បន្ថយគំនិតអវិជ្ជមានរបស់សាធារណៈជន និងពង្រឹងបរិយាកាសអំណោយផលដើម្បីឆ្ពោះទៅរកកិច្ចពិភាក្សប្រកបដោយសន្តិភាពផងដែរ។
កម្ពុជា-ថៃ បានព្រមព្រៀងលើបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ បទឈប់បាញ់នេះ បានធ្វើឡើងបន្ទាប់ពីកងទ័ពប្រទេសទាំងពីរ បានប្រយុទ្ធគ្នា នៅតាមបណ្តោយព្រំដែនរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ក្រោយពេលកងទ័ពថៃ ចូលឈ្លានពានទឹកដីកម្ពុជា៕





