រដ្ឋបាលខេត្តបន្ទាយមានជ័យ បានទទួលលិខិតលេខ ០០១៧.២/១៧៥ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ របស់អភិបាលខេត្តស្រះកែវ ស្នើសុំកិច្ចសហការដោះស្រាយបញ្ហាលំនៅដ្ឋាន ប្រជាជននៅភូមិសាស្ត្រ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ជាប់គ្នានឹងស្រុក គោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានចេញ ស.ជ.ណ លេខ ៥៦២/២៥ ឆ្លើយតបទៅរដ្ឋបាលខេត្ត ស្រះកែវ ប្រទេសថៃ ៖
បញ្ហាខាងលើនេះគឺជាបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំ និងការងារវាស់វែង ខណ្ឌសីមានិងបោះបង្គោលព្រំដែន ដែលជាសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ(GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ស្របតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការព្រំដែន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៥ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង ខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ឆ្នាំ២០០០ (MOU ២០០០)។
ការធ្វើសកម្មភាពដោយឯកតោភាគីណាមួយ ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុង រស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ ជាការបំពានដល់ MOU ២០០០, កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា និងថៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងស្មារតីនៃ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងប្រទេសទាំងពីរ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការព្រំដែន និង MOU ២០០០ ក៏ដូចជាច្បាប់អន្តរជាតិ ព្រមទាំងការព្រមព្រៀងទាំងឡាយរបស់ប្រទេសទាំងពីរ ទាក់ទងនឹង កិច្ចការព្រំដែន ខ្ញុំសូមស្នើឱ្យ ឯកឧត្តម រក្សាស្ថានភាពព្រំដែន និងស្ថានភាពប្រជាជនកំពុងរស់នាពេល បច្ចុប្បន្ន ហើយទុកកិច្ចការងារនេះជូនទៅ GBC និង JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហានេះ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ សង្ឃឹមជឿជាក់ថា បញ្ហាខាងលើនេះនឹងមានដំណោះស្រាយល្អ ប្រកបដោយសន្តិ វិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ នៅក្នុងកិច្ចប្រជុំ GBC និង JBC នាពេលដ៏ខ្លីខាងមុខ៕

