យោងតាមព្រឹត្តិការណ៍សង្ខេបខ្លីៗពីប្រព័ន្ធផ្សព្វផ្សាយ Khaosod របស់ថៃ បានចុះផ្សាយនៅមុននេះបន្តិចថា តុលាការព្រហ្មទណ្ឌថៃ សម្រេចថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) មិនមានជាប់ទោសទណ្ឌពីបទប្រមាថព្រះចេស្ដាព្រះមហាក្សត្រនោះទេ ក្នុងអំឡុងបទសម្ភាសន៍របស់លោកថាក់ស៊ីន ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៥ ។ សេចក្ដីសម្រេចចុងក្រោយនេះ បានធ្វើឱ្យអ្នកគាំទ្រលោកថាក់ស៊ីន នាំគ្នាចេញមកអបអរសាទរ
គួររម្លឹកថា នៅក្នុងប្រទេសថៃ មានច្បាប់មួយដ៏តឹងរ៉ឹងបំផុតពាក់ព័ន្ធនឹងការប្រមាថខ្សែរាជវង្ស ដោយជនជាប់ចោទអាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំឯណោះ។ ទោះជាបែបណាក្ដី កាសែតដដែលនេះ មិនបានបញ្ជាក់នោះទេថា តើមានការសម្រេចបែបណាចំពោះករណីចោទថា លោកថាក់ស៊ីន អាចនឹងមិនបានអនុវត្តច្បាប់ក្នុងការកាត់ទោសឱ្យបានត្រឹមត្រូវ អំឡុងវិលត្រឡប់មកចូលស្រុកថៃវិញក្នុងឆ្នាំ ២០២៣ ដែលការនោះលោកថាក់ស៊ីន មានជំងឺត្រូវបញ្ជូនជាបន្ទាន់ទៅសម្រាកក្នុងមន្ទីរពេទ្យ ជំនួសឱ្យការជាប់ពន្ធនាគារ ។
ដោយឡែក ក្រៅពីលោកថាក់ស៊ីន លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ ដែលត្រូវជាកូនស្រីរបស់លោកឯណោះវិញ ក្រោយបង្ហាញខ្លួននៅក្នុងតុលាការនៅថ្ងៃទី២១ ខែសីហារួចហើយ ឥឡូវនេះ លោកស្រីកំពុងរង់ចាំសាលក្រមសម្រេចនៅថ្ងៃទី២៩ ខែសីហា ថាតើលោកស្រី នឹងអាចរក្សាឬក៏ត្រូវរបូតចេញពីតំណែងនាយករដ្ឋមន្ត្រីជាផ្លូវការ ជុំវិញសំណុំរឿងចោទប្រកាន់ដែលប្ដឹងដោយក្រុមសមាជិកព្រឹទ្ធសភា ទៅកាន់តុលាការ ពាក់ព័ន្ធនឹងបទបំពេញការងារដោយគ្មានវិជ្ជាជីវៈ និងបំពានក្រមសីលធម៌ ក្នុងបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ដែលនាំឱ្យមានការប៉ះទង្គិចគ្នាដោយយោធាមិនធ្លាប់មាន ៕







