ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន ៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី២១ ខែសីហានេះ បានបន្តដំណើរទៅពិនិត្យជុំវិញប្រាសាទព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់ ។
ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់នៅព្រឹកថ្ងៃទី២១ ខែសីហា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើថា ក្រោយពីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន ៥ ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជាដើម្បីធ្វើដំណើរទស្សនកិច្ចនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទ ឈប់បាញ់នោះ នៅព្រឹកថ្ងៃទី២១ ខែសីហានេះ ពួកគាត់បានបន្តបេសកកម្មចុះពិនិត្យ ដើម្បីឲ្យដឹងកាន់តែច្បាស់លាស់បន្ថែមទៀត។
សំឡេង “នៅព្រឹកថ្ងៃទី២១ ខែសីហានេះ ក្រុមការងារ និងក្រុមអ្នកសង្កេតការណ៍អន្តរកាលកំពុងបន្តបេសកកម្មរបស់ខ្លួននៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ផ្ទៀងផ្ទាត់អំពីស្ថានភាពក្រោយបទឈប់បាញ់” ។ លោកជំទាវបានគូសរំលឹកពីក្រុមអ្នកសង្កេតការណ៍អន្តរកាលនេះថា បានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) កាលពីថ្ងៃ២៨ កក្កដា កន្លងមក ។
សូមបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ទាំង៥ប្រទេសនោះរួមមាន ៖ ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន និងប្រទេសវៀតណាម៕












