ឯកឧត្ដអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអំពាវនាវប្រជាពលរដ្ឋគ្រប់សាសនានៅក្នុងប្រទេសកម្ពុជា បន្តរួមគ្នាជាធ្លុងមួយគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី ក្រោមបទបញ្ជាដ៏អង់អាចម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការអំពាវនាវរបស់ឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ២០ សីហា ២០២៥ ក្រោមប្រធានបទ «សុខដុមនីយកម្មសាសនានៅកម្ពុជា ជាសក្ដានុពលក្នុងការប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា» ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ កែ សួនសុភី ស សុខា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា យុទ្ធជនជួរមុខរបស់ជាតិ បាននិងកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពោលគឺប្រៀបបានជាខែលដ៏រឹងមាំរបស់ជាតិ រួមទាំងការពារសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការឈានទៅសម្រេចបានវឌ្ឍនភាពកិច្ចការផ្សេងៗទៀតគ្រប់វិស័យ រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននិងកំពុងរៀបចំពិធីនាឱកាសនេះ។
បន្ថែមលើការអំពាវនាវជនរួមជាតិបន្តប្រកៀកស្មាគាំទ្រយុទ្ធជនជួរមុខ និងរាជរដ្ឋាភិបាល ប្រមុខក្រសួងមហាផ្ទៃ បានយកឱកាសនោះមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧នេះ បាននិងកំពុងបន្តវេនដឹកនាំប្រទេសជាតិយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងបានបន្តប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងដាច់ខាតនូវអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលជាឧបសគ្គរារាំងដល់ដំណើរការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ប្រកបដោយមោទនភាពយ៉ាងក្រៃលែងចំពោះភាពសុខដុមរមនា នៃគ្រប់ជំនឿសាសនាទាំងអស់នៅកម្ពុជា ដែលតែងតែរួមរស់ជាមួយគ្នាដោយសុខសាន្ត និងមានសាមគ្គីភាព សហការល្អគាំទ្រគ្នាទៅវិញទៅមកដោយភាពទន់ភ្លន់ ពោលគឺបានរួមគ្នាជាធ្លុងមួយ ក្នុងការរួមចំណែកជួយដល់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានោះប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការជួបជុំនារសៀលនេះ គឺជាការបង្ហាញអំពីស្មារតីសាមគ្គីភាព ឯកភាព និងសុខដុមនីយកម្ម នៃគ្រប់ជំនឿសាសនា នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ដែលជាមូលដ្ឋានគ្រឹះ នៃសុខសន្តិភាពរបស់សង្គមជាតិ ធ្វើឱ្យមនុស្សទាំងឡាយទទួលបាននូវសេចក្តីសុខ ផ្លូវកាយ ផ្លូវចិត្ត ចាកទុក្ខភ័យ គ្រោះចង្រៃ និងវិនាសកម្មទាំងឡាយ ដែលបង្កឡើងដោយមនុស្សក្តី ឬដោយធម្មជាតិក្តី។
យោងតាមរបាយការណ៍ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងឆមាសទី១នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតាមដានស្រាវជ្រាវ បង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបចំនួន ៩៩ករណី ប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ គឺថយចុះ ០៥ករណី ស្មើនឹង ៤.៨០%។
លោកជំទាវបានបន្ថែមថា ក្នុងនោះអំពើជួញដូរមនុស្ស បង្រ្កាបបាន ២៧ករណី (កើន៥ករណី) ឃាត់ខ្លួនជនសង្ស័យ ៣៧នាក់ (ស្រី៤នាក់) និងអំពើធ្វើអាជីវកម្មផ្លូវភេទ បង្ក្រាបបាន ៧២ករណី (ថយចុះ ១០ករណី) ឃាត់ខ្លួនជនសង្ស័យ ៩៣នាក់(ស្រី ១៩នាក់) ជនជាតិវៀតណាម ១នាក់ និងជនជាតិចិន ចំនួន ៦នាក់៕







