គិតចាប់ពីថ្ងៃទី៨ ខែមិថុនា មកដល់ព្រឹកថ្ងៃទី ១១ខែសីហា ឆ្នាំ២០២៥ ចំនួនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ពេលនេះមានចំនួនលើសពី ៩០ម៉ឺននាក់ហើយ ដែលរំពឹងថា នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងស្វា គមន៍ចំពោះការវិលត្រឡប់មកវិញរបស់ពលករខ្មែរនាពេលនេះ ដោយអះអាងថា នៅប្រទេសកម្ពុជាបច្ចុប្បន្ន មានការងាររាប់សែនកន្លែងបើកជូនសាធារណជន ជាពិសេសសម្រាប់ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ជាមួយប្រាក់ខែសមរម្យថែមទៀតផង។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននៅតាមបណ្ដាសហគ្រាស រោងចក្រ គ្រឹះស្ថាននានា ដែលបានចុះបញ្ជី នៅទូទាំង ២៥ រាជធានី-ខេត្ត កំពុងខ្វះកម្លាំងពលកម្មប្រមាណ ២៥ម៉ឺនកន្លែង និងផ្គួបផ្សំជាមួយគម្រោងវិនិយោគក្នុងរយៈពេល ៦ខែកន្លងមកនេះ ដែលនឹងបង្កើតការងារបានក្នុងរង្វង់ ៣០ម៉ឺនកន្លែងទៀត ធ្វើឲ្យតម្រូវការកម្លាំងពលកម្មកើនដល់ចន្លោះ ៥០ទៅ ៦០ម៉ឺនកន្លែង។
លោកបន្តថា បើរាប់បញ្ចូលទាំងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជា អាជីវកម្មមួយចំនួនដែលមិនបានចុះបញ្ជី ដែលកំពុងត្រូវការកម្លាំងពលកម្មបន្ថែមផងដែរនោះ ដូច្នេះធ្វើឲ្យតម្រូវការកម្លាំងពលកម្មអាចលើសពី ៦០ម៉ឺនកន្លែង។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ពលករខ្មែរដែលវិលត្រឡប់មកពីថៃវិញ ក៏មានឱកាសចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនផងដែរ ដូច្នេះបង្ហាញឲ្យឃើញថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាសព្វថ្ងៃនេះ គឺមានភាពរឹងមាំល្អណាស់។
លើសពីនេះ លោក ស៊ុន មេសា បានឲ្យដឹងទៀតថា ការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែរមកពីប្រទេសថៃនាពេលនេះ ក៏ស្របពេលការដាក់ចេញគោលនយោបាយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈយុវជនចំនួន ១លាន ៥សែននាក់ របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងលើកម្ពស់សមត្ថភាពយុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ បង្កើនប្រាក់ចំណូល និង ទាក់ទាញការវិនិយោគបន្ថែមទៀត។
ដើម្បីផ្តល់ភាពងាយស្រួលដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃ អាចរកការងារបានធ្វើលឿន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃនេះ ចេញសេចក្តីណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងសាធារណជន ឲ្យជួយសម្រួលដល់ការទទួលបានការងារធ្វើរបស់ពលករខ្មែរដែលត្រឡប់ មកពីប្រទេសថៃ ខណៈក្រសួងមិនតម្រូវឱ្យភ្ជាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់ការស្នើសុំសៀវភៅការងារកម្មករ និយោជិតខ្មែរ និងការចុះបញ្ជីក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងសាជាថ្មី។
ក្នុងន័យនេះ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អាចជ្រើសរើសពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃឱ្យចូលធ្វើការដោយអាចប្រើប្រាស់ ឯកសារណាមួយ ដូចជាសំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការ នៅបរទេស (លិខិតធ្វើដំណើរ-TD) ឬលិខិតបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចជំនួសឱ្យ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
យោងតាមទិន្នន័យរបស់ក្រសួងការងារ បានឲ្យដឹងថា ប្រជាជនកម្ពុជាប្រមាណ ១លាន ២សែននាក់ កំពុងធ្វើការនៅក្នុងប្រទេសថៃមុនពេលមានការវិលត្រឡប់មកវិញនាពេលថ្មីៗនេះ។ ការត្រឡប់មកវិញក្នុងទ្រង់ទ្រាយធំនេះ មិនត្រឹមតែជាឱកាសសម្រាប់បុគ្គលធ្វើការនៅជិតផ្ទះក្នុងប្រទេសកំណើតរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍជាតិ និងការពង្រីកសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំផងដែរ៕


