ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបានបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) តាមរយៈបណ្តាញសង្គម បានឱ្យដឹងថា នៅថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥ នៅចំនុចគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-84 ស្ថិតនៅ ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យមានមន្ត្រីអនុពន្ធ័យោធាចំនួន១៤រូប ជាតំណាងមកពីប្រទេសចំនួន៩ រួមមានអូស្ត្រាលី កាណាដា អង់គ្លេស ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ឡាវ និងវៀតណាម បានចុះពិនិត្យទីតាំងនិងគ្រាប់បែក MK-84 នោះជាក់ស្តែង។
សូមបញ្ជាក់ថាគ្រាប់បែកMK-84នេះ មានទម្ងន់ជិតមួយតោនមានបណ្តោយប្រមាណ៣.៥ម៉ែត្រ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រផលិតនៅឆ្នាំ១៩៩៦!។ សូមបញ្ជាក់ថានៅចំនុចទីតាំងតែមួយនេះ ពួកសៀមបានទម្លាក់គ្រាប់បែកចំនួន១០គ្រាប់ ហើយផ្ទុះចំនួន៤គ្រាប់ រីឯ៦គ្រាប់មិនផ្ទុះដោយរួមទាំងគ្រាប់បែកMK-84 ដែលបានឃើញនេះផងដែរ។
បើផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះ ការទម្លាក់គ្រាប់បែកពីយន្តហោះមានចំនួន១.៥៤៩គ្រាប់។ អង្គភាព CMAC កំពុងដំណើរការស្រាវជ្រាវដាក់ស្លាកសញ្ញានិងបោសសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែកនិងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕









