ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រំជួលចិត្តនឹងស្មារតីស្រឡាញ់ជាតិរបស់កូនខ្មែរ រហូតស្រក់ទឹកភ្នែក, ទឹកភ្នែកព្រោះមនោសញ្ចេតនា តែមិនមែនជាទឹកភ្នែកព្រោះទន់ជ្រាយឡើយ!
មហាគ្រួសារខ្មែរ បានជួបជុំគ្នាជាលើកទីពីរ បន្ទាប់កម្មវិធី Solidarity March កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ហើយនេះគឺជាសារលើកទឹកចិត្តដ៏ធំធេង ទៅដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរយ៉ាងរឹងមាំប្រកបដោយស្មារតីប្រុងប្រយ័ត្ន មោះមុត និងហានក្លា ក្នុងគោលដៅការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ ។ កម្មវិធី «តស់!យើងរួមគ្នាច្រៀងចម្រៀងជាតិដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ» នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់គោលជំហរជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី តាមរយៈ
១). យន្តការបច្ចេកទេសទ្វេភាគី ដោយគណៈកម្មការព្រំដែនចំរុះកម្ពុជា-ថៃ (JBC) និង ២). យន្តការច្បាប់អន្តរជាតិ រួមទាំងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) លើសពីនេះ កម្ពុជា ក៏បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្លើយតបដោយកងកម្លាំងប្រដាប់អាវុធ ក្នុងការករណីដែលមានការរំលោភបំពានដោយគគ្លើនលើដែនអធិបតេយ្យភាពកម្ពុជា ដោយការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ។
ពួកយើងសូមគោរពជូនពរដល់កងកម្លាំងប្រដាប់អាវុធជួរមុខកម្ពុជា ទាំងខ្សែត្រៀម និងខ្សែគាំទ្រ ដែលបានគោរព និងរក្សាយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់អគ្គបញ្ជាការ និងមេបញ្ជាការគ្រប់ជាន់ថ្នាក់ ហើយបងប្អូនកងកម្លាំងប្រដាប់អាវុធ ក៏ត្រូវចងចាំជាក់ថា រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ គឺនៅជាមួយបងប្អូនជួរមុខ និងបន្តគាំទ្រតាមគ្រប់មធ្យោបាយទាំងអស់ ជូនដល់បងប្អូនជួរមុខគ្រប់កាលៈទេសៈទាំងអស់។
ព្រឹត្តិការណ៍ចលនាមហាជនលើកទឹកចិត្តកងទ័ព និងគាំទ្ររាជរដ្ឋាភិបាល ផ្សារភ្ជាប់ជាមួយការប្រកួតបាលទាត់មិត្តភាព ដើម្បីកៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ លើកទឹកចិត្តកងទ័ព និងគាំទ្រចំណាត់ការរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ៕













