សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថា កងរាជអាវុធហត្ថគឺជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាលសម្រាប់ចូលរួមការពារ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាអាសន្ន និងគ្រោះមហន្តរាយនានា ព្រមទាំងបានធ្វើការកត់សម្គាល់អំពីស្នាដៃនៃការកសាង ការពង្រឹង និងការអភិវឌ្ឍកងរាជអាវុធហត្ថ ជាមួយនិងការធ្វើកំណែទម្រង់ ការធ្វើទំនើបកម្ម និងការអនុវត្តតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថក្នុងរយៈពេល៣២ឆ្នាំកន្លងមកនេះផងដែរ។
ការថ្លែងបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា និងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ។
បើតាមសម្តេចធិបតី នាយករដ្ឋមន្ត្រី ការប្រារព្ធខួបលើកទី៣២ ថ្ងៃបង្កើតកងរាជអាវុធហត្ថ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ចារឹក និងចងចាំនូវគុណូបការៈ ការតស៊ូពលិកម្ម និងសមិទ្ធផលដ៏ត្រចះត្រចង់របស់កង រាជអាវុធហត្ថក្នុងរយៈពេល៣២ឆ្នាំកន្លងមកនេះ ក្នុងនាមជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាលដ៏សកម្ម ដែលសម្តេចសូមអបអរសាទរ សម្តែងការកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះមេបញ្ជាការ មេបញ្ជាការរង ប្រធាន អនុប្រធានស្ថាប័ន មេបញ្ជាការអង្គភាពរាជធានី ខេត្ត នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ដែលបានសាមគ្គីឯកភាពផ្ទៃក្នុងជាធ្លុងមួយ មានការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដោយជោគជ័យគួរជាទីមោទនៈ ក្នុងនោះកងរាជអាវុធហត្ថបានសហការជម្នះរាល់ឧបសគ្គ ប្រកៀកស្មាគ្នាជាមួយកងប្រដាប់អាវុធគ្រប់ប្រភេទ ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ តស៊ូ ប្តូរផ្តាច់រក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនគណៈប្រតិភូជាតិ អន្តរជាតិ កិច្ចប្រជុំតូចធំ ពិធីបុណ្យផ្សេងៗ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់ កសាងនីតិរដ្ឋ និងជួយសង្គ្រោះគ្រោះមហន្តរាយនានា ស្របទៅនឹងកម្មវិធីនយោបាយ យុទ្ធសាស្ត្រ និងវិធានការណ៍នានារបស់រាជរដ្ឋាភិបាល ជាពិសេសបានចូលរួមយ៉ាងសកម្មនៅក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
សម្តេចធិបតី នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា សម្តេចនៅតែមានជំនឿយ៉ាងមុតមាំថា កងរាជអាវុធហត្ថនឹងបន្តប្រតិបត្តនូវតួនាទី ភារកិច្ចឱ្យកាន់តែល្អប្រើសើរ និងបន្តធ្វើការកែទម្រង់ និងធ្វើទំនើបកម្មដើម្បី បង្កើតបាននូវសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀត ជាមួយនិងការពង្រឹង និងពង្រីកគុណភាព សមត្ថភាពគ្រប់ផ្នែក គ្រប់វិស័យប្រកបដោយវីរភាពអង់អាចក្លាហាន ដើម្បីការពារ ថែរក្សាបុព្វហេតុឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍជូនសង្គមជាតិ និងមាតុភូមិរបស់យើង។ ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារជាច្រើននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំងនេះ គឺជាសមិទ្ធផលដ៏ធំសម្បើមសម្រាប់ការអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺនកង កម្លាំងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងទទួលរៀបចំព្រឹត្តការណ៍កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តនានាបន្ថែមទៀត ដែលទាំងនេះគឺជាការគិតគូយ៉ាងល្អិតល្អន់ ជាយុទ្ធសាស្ត្រក្នុងវិស័យការពារជាតិ និងសន្តិសុខជាតិ ព្រមទាំងការចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិផងដែរ៕









