នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធស ភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ឯកអគ្គរដ្ឋទូត ក្នុងជំនួបនេះ បានគូសបញ្ជាក់អំពីការត្រៀមផ្តល់ឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែន ជូនកម្ពុជា រួមទាំងភាគីពាក់ព័ន្ធនានា ក៏ដូចជាគោលជំហររបស់បារាំង ក្នុងការគាំទ្រគោលការណ៍ច្បាប់អន្តរជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ដូចដែលកម្ពុជានិងបារាំងមានជំហរស្របគ្នា និងបានរួមគ្នាធ្វើឡើងនៅក្នុងសំណុំរឿងអ៊ុយក្រែន។
ឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនអំពីការត្រៀមលក្ខណៈផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ហើយឯកឧត្តមបានបញ្ជាក់ថា ប្រធានាធិបតី ម៉ាក្រុង បានគ្រោងជាអាទិភាពក្នុងការមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលនេះ នៅកម្ពុជា នៅឆ្នាំ២០២៦។
សម្តេចតេជោ បានជម្រាបជូនអំពីមូលហេតុនៃការប្រកាន់គោលជំហររបស់កម្ពុជា នៅក្នុងសំណុំរឿងរុស្ស៊ី-អ៊ុយក្រែន និងក្នុងបរិបទនេះ អំពីសកម្មភាពរបស់ភាគីថៃ ដែលបាននិងកំពុងធ្វើឱ្យមានភាពតានតឹងជាមួយកម្ពុជា។ សម្តេច បានលើកឡើងអំពីចំណាត់ការ និងគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីផង និងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ព្រមជាមួយគ្នានេះ ក៏បានស្នើភាគីបារាំង ផ្តល់ឯកសារនានាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-សៀម ដូចដែលឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បានលើកឡើងនៅក្នុងជំនួបជាមួយសម្តេចបវរធិបតី កន្លងមក។
នាឱកាសជំនួបនេះ លោក Jacques PELLET បានរំលឹកអំពីប្រវត្តិការងារជាអ្នកការទូតរបស់ឯកឧត្តម ដែលបានចាប់ផ្តើមជាមួយកម្ពុជា កាលពី៣០ឆ្នាំមុន និង បញ្ចប់ជាមួយកម្ពុជា បន្ទាប់ពីបានបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតនៅកម្ពុជា មុនចូលនិវត្តន៍។ រយៈពេល៣០ឆ្នាំនេះ បានធ្វើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត សង្កេតឃើញអំពីសន្ទុះនៃការអភិវឌ្ឍយ៉ាងលឿនរបស់កម្ពុជា។ នៅក្នុងបរិបទនេះ លោកឯកអគ្គរដ្ឋទូត បានអះអាងអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង ក្រោមគម្រោងកិច្ចសហប្រតិបត្តិការផ្សេងៗ ដូចជាកិច្ចសហប្រតិបត្តិការវិស័យវេជ្ជសាស្រ្ត ច្បាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ យោធា ទឹកស្អាត បេតិកភណ្ឌ និងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌហ្វ្រង់កូហ្វូនី។ ទន្ទឹមគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងអំពីក្តីសង្ឃឹមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទាំងនេះ ដោយឯកឧត្តមបានសង្កេតឃើញអំពីសក្តានុពលដែលភាគីកម្ពុជា-បារាំង អាចធ្វើការរួមគ្នាក្នុងការលើកកម្ពស់បន្ថែម។
ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ និងបានថ្លែងអំណរគុណ លោកឯកអគ្គរដ្ឋទូត ជាថ្មីម្តងទៀត ចំពោះកិច្ចការ និងកិច្ចសហប្រតិបត្តិការទាំងឡាយ ដែលបានខិតខំជំរុញ រួមទាំងទស្សនកិច្ច និងទស្សនកិច្ចការងារ និង ការចូលរួមសន្និសីទស្តីពីសាមគ្គីភាពជាមួយនឹងប្រជាជនអ៊ុយក្រែន របស់សម្តេចនៅបារាំង នៅចុងឆ្នាំ ២០២២។
សម្តេចបានបញ្ជាក់ថា វត្តមានរបស់សម្តេចនៅទីក្រុងប៉ារីស មិនមែនជាភាពចៃដន្យនោះទេ ប៉ុន្តែជាបំណងប្រាថ្នារបស់សម្តេច ហើយជាភាពជិតស្និទ្ធក៏កម្រមួយដែលឯកឧត្តមប្រធានាធិបតី ម៉ាក្រុង ផ្តល់ជូនសម្តេច។ ចាប់តាំពីពេលនោះ សម្តេចបានបន្តលើកឡើងថា សម្តេច និងឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បាន ធ្វើការប្រាស្រ័យទំនាក់ទំនងគ្នាជាបន្តបន្ទាប់មក ហើយប្រធានាធិបតីម៉ាក្រុង ក៏បានជម្រាបថា លោកនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅឆ្នាំ២០២៦។ ស្របគ្នានេះ សម្តេចបានបន្តលើកឡើងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នឹងត្រូវរៀបចំឡើងសាជាថ្មី នៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ២៩ឆ្នាំ ក្រោយពីកិច្ចប្រជុំកំពូលនៅប្រទេសវៀតណាមនៅឆ្នាំ១៩៩៧ ដែលជាការរួមចំណែកលើកកម្ពស់ថែរក្សាមរតកភាសាបារាំង។
នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោបានលើកឡើងជាលក្ខណៈអនុសាសន៍ឱ្យប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យដែលជាសក្តានុពលសម្រាប់គាំទ្រភាសាបារាំង ដែលនៅក្នុងនោះរួមមានវិស័យសុខាភិបាល ច្បាប់ និងការបណ្តុះបណ្តាលភាសាបារាំងជាដើម។ ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណចំពោះកិច្ចប្រហប្រតិប ត្តិការ និងការជួយគាំទ្រនានាដែលបារាំងបានចូលរួមចំណែកកន្លងមក រួមទាំងការគាំពារបេតិកភណ្ឌ ការជួយបណ្តុះពូជដើមកៅស៊ូ និងវត្តមានរបស់ក្រុមហ៊ុន Vinci នៅកម្ពុជា និងបានស្នើឱ្យបារាំងចូលរួមចំណែកបន្តទៀត៕



