សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសង្ឃឹមថា អ្នកវិនិយោគនឹងជ្រើសរើសយកឱកាសមកវិនិយោគនៅកម្ពុជា ហើយរាជរដ្ឋាភិបាល និងបង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់អ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស។ ជាមួយគ្នានេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “កុំព្រួយបារម្ភលើបញ្ហាព្រំដែនបន្តិចបន្ដួចជាមួយថៃ ហើយសូមបន្តជ្រើសរើសយកការវិនិយោគនៅកម្ពុជា ខណៈកម្ពុជាកំពុងមានសក្ដានុពលសម្រាប់ការវិនិយោគលើវិស័យជាច្រើន”។
នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រតី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការដំណើរការជាផ្លូវការ ១ឆ្នាំរបស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នាល្ងាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ មជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។
សម្តេចបវរធិបតី ក៏បានថ្លែងសូមលើកទឹកចិត្តដល់បណ្តាវិនិយោគិនជាតិ និង អន្តរជាតិ ជាពិសេសភ្ញៀវបរទេសថ្មីៗ សូមសម្រេចចិត្តជ្រើសរើសកម្ពុជា ជាទីតាំងសម្រាប់រាល់កិច្ចសហការ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរខ្ពស់ចំពោះវិនិយោគិនគ្រប់រូប ដោយគ្មានការរើសអើង ៕





