ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបដិសេធចំពោះសំណើរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែ ថងថាន ដែលស្នើសុំឱ្យមានការចរចារវាងភាគីកម្ពុជា-ថៃ ដើម្បីឱ្យមានការបើកច្រកព្រំដែនទាំងអស់ រវាងប្រទេសទាំងពីរឡើងវិញ។
សំណើរបស់នាយករដ្ឋមន្ត្រីថៃ បានធ្វើឡើងក្នុងកិច្ចសន្ទនាតាមទូរសព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែន មានរយៈពេល១៧៖០៦នាទី ស្តីពីស្ថានភាពជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដែលធ្វើឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ហើយត្រូវបានចេញផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចតេជោ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចតេជោ បានមានប្រសាសន៍ ក្នុងកិច្ចសន្ទនានោះថា កម្ពុជា ចង់ឱ្យមានការបើកជាប្រក្រតីឡើងវិញ នូវច្រកទ្វារព្រំដែនទាំងអស់ រវាងប្រទេសទាំងពីរ ដែលយោធាថៃបានបិទដោយឯកតោភាគី។
សម្តេចមានប្រសាសន៍ថា “ថៃ ត្រូវដកបំរាមបិទច្រកព្រំដែនចេញជាមុន ទើបកម្ពុជាអនុវត្តតាមក្រោយ យូរបំផុត៥ម៉ោង ទើបកម្ពុជា ដកបទបញ្ជាទាំងឡាយ ដែលហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើពីថៃ”។
នាយករដ្ឋមន្ត្រីថៃ បានលើកឡើងថា ក្នុងពេលវេលានេះ នៅប្រទេសថៃ មានការវាយប្រហារជាខ្លាំង មកលើរូបលោកស្រី, ក្នុងន័យនេះ លោកស្រីនាយករដ្ឋមន្ត្រី ស្នើសុំអង្វរដល់សម្តេចតេជោ ឬក៏សម្តេចតេជោ ណែនាំដល់សម្តេចធិបតី ឱ្យមេដឹកនាំប្រទេសទាំងពីរ ធ្វើកិច្ចចរចា ដើម្បីសម្រួលសភាពការណ៍ ឱ្យដូចមុនពេលមានព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភាកើតឡើង។
លោកស្រីនាយករដ្ឋមន្ត្រី បន្ថែមថា ក្នុងករណីមិនមានកិច្ចចរចាទេ គឺមិនអាចបើកព្រំដែនឡើយ ព្រោះនៅក្នុងសង្គមថៃ នឹងវាយប្រហារថា មេដឹកនាំថៃ ធ្វើតាមការណែនាំរបស់កម្ពុជា “គេឱ្យធ្វើអី ក៏ធ្វើតាម”។
ពាក់ព័ន្ធនឹងចំណុចនេះ សម្តេចតេជោ បញ្ជាក់ថា កម្ពុជា មិនត្រូវការការចរចានោះទេ ព្រោះខាងថៃជាអ្នកបិទព្រំដែនមុន ដូច្នេះខាងថៃជាអ្នកបើកវិញមុន នោះខាងកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអនុវត្តបើកវិញតាមក្រោយ។ សម្តេចថា “ខ្ញុំយល់ ខ្ញុំអាណិត តែខ្ញុំមិនអាចយកការរាប់អានគ្នា ទៅដោះដូរនឹងផលប្រយោជន៍ជាតិបាននោះទេ ព្រោះនេះគឺជាមុខមាត់របស់ប្រទេសកម្ពុជា រឿងស្អីដែលត្រូវឱ្យប្រទេសកម្ពុជា ទៅចរចាបើកច្រក ព្រោះខ្លួនឯងអ្នកបិទ ខ្លួនឯងត្រូវធ្វើខ្លួនឯងទៅ”។
នាយករដ្ឋមន្ត្រីថៃ បានឆ្លើយតបថា លោកស្រី សុំយកបញ្ហានេះ ទៅជជែកជាមួយក្រសួងការពារជាតិថៃ និងយោធាជាមុនសិន ហើយក្រោយបានលទ្ធផល នឹងរាយការណ៍ជូនសម្តេចតេជោ៕
