បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងការសាងសង់អគាររដ្ឋបាលថ្មី នៅក្នុងបរវេណស្នងការដ្ឋាននគរបាលខេត្ត។
លោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង ជំនួយដឹកនាំផែនការងារភស្តុភា និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា គិតត្រឹមពេលនេះអគារនេះសម្រេចបាន៦៥%ហើយ បន្ទាប់ពីសាងសង់អស់រយៈពេល១៤ខែ ហើយគ្រងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២៥នេះ។ សំណង់អគារថ្មី១ខ្នងនេះ មានទំហំ១៨មែត្រ គុណនឹង៣៦ម៉ែត្រ មានកម្ពស់៣ជាន់ មាន១២បន្ទប់ និងជាន់ខាងលើជាសាលប្រជុំ។
អគារដែលកំពុងសាងសង់នេះ ត្រូវបានប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣-៤-៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ មកពីមន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជីវករ ពាណិជ្ជករ និងកងកម្លាំងនគរបាលក្រោមឱវាទជាច្រើនរូប៕







