សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្រុកវាលវែង នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ។
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា “ វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ គឺជាវិទ្យាល័យតែមួយគត់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ពីដំបូងវិទ្យាល័យនេះ គឺជាអនុវិទ្យាល័យប្រម៉ោយ ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៣ មានអគារសិក្សា ១ខ្នង ៥បន្ទប់ និងបង្គន់អនាម័យចំនួន១ ដែលជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី មានគ្រូបង្រៀនចំនួន ៤នាក់ និងបានទទួលសិស្សឱ្យចូលរៀនថ្នាក់ទី៧ ចំនួន ៤៣ នាក់ (ស្រី២៩នាក់)ប៉ុណ្ណោះ”។
ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានបន្តថា “ដោយមានកំណើនសិស្សកើនឡើង ក្នុងឆ្នាំសិក្សា២០០៧-២០០៨ អនុវិទ្យាល័យប្រម៉ោយ បានប្រែក្លាយទៅជាវិទ្យាល័យប្រម៉ោយ និងមានសិស្សានុសិស្សសរុបចំនួន ២២៣នាក់ (ស្រី ៨៨នាក់) មានគ្រូបង្រៀនចំនួន ៩នាក់។
ដោយមើលឃើញពីទុក្ខលំបាករបស់គ្រូបង្រៀន និងសិស្សានុសិស្ស ដែលមានទីលំនៅឆ្ងាយៗពីវិទ្យាល័យ ហើយបានមកបង្រៀន និងសិក្សារៀនសូត្រនៅទីនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូនអគារស្នាក់នៅ ១ខ្នង មាន៥បន្ទប់, បង្គន់អនាម័យ ២ខ្នង មាន ៦បន្ទប់ និងគ្រែចំនួន ៣៥ គ្រែ ដើម្បីជួយសម្រួលដល់ការស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស”។
ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានបន្តទៀតថា “សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រួមមាន៖ អគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង១៨បន្ទប់, ទីចាត់ការ១ខ្នង មាន ៣បន្ទប់, អន្តេវាសិកដ្ឋាន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ២០ បន្ទប់, ក្លោងទ្វារ ២, ផ្លូវបេតុងប្រវែង ២.៦៤០ម៉ែត្រ, របងព័ទ្ធជុំវិញប្រវែង ១.៣៥០ម៉ែត្រ, ទីលានបាល់ បោះ១, ទីលានបាល់ទះ១ និងដងទង់ជាតិ១ សាងសង់លើផ្ទៃដីទំហំ ៨៨.៤០៤ ម៉ែត្រការ៉េ និង សមិទ្ធផលផ្សេងៗទៀត។
សមិទ្ធផលទាំងអស់នេះ គឺបានកើតឡើងនៅពេលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា អញ្ជើញមកសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ ដែលភ្ជាប់ពីខេត្តពោធិ៍សាត់ ទៅប្រទេសថៃតាមច្រកព្រំដែនថ្មដា និងបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីខេត្តបាត់ដំបង ទៅខេត្តកោះកុង ដោយឆ្លងកាត់តាមខេត្តពោធិ៍សាត់”៕











