ភ្នំពេញ ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានឱ្យដឹងថា ទណ្ឌិតចំនួន ២៩៦នាក់ ក្នុងនោះ (ស្រី២៨នាក់) ត្រូវបានបន្ធូរបន្ថយទោសក្នុងឱកាសពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ឯកឧត្តម គឹម សន្ដិភាព នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានលើកឡើងថា យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ សព្វព្រះរាជហឫទ័យប្រោសប្រទានការ បន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន២៩៦នាក់ (ស្រី២៨នាក់) ។
ឯកឧត្តមថា ទណ្ឌិតចំនួន២៩៦នាក់ ត្រូវបានបន្ធូរបន្ថយទោស រួមមានបន្ធូរបន្ថយទោស៣ខែចំនួន ២០៧នាក់ (ស្រី១៨នាក់), បន្ធូរបន្ថយទោស៦ខែចំនួន៧០នាក់ (ស្រី៥នាក់), បន្ធូរបន្ថយទោស៩ខែ ចំនួន១៧នាក់ (ស្រី៣នាក់) និងបន្ធូរបន្ថយទោស១២ខែ ចំនួន០២នាក់ (ស្រី២នាក់) ។
ឯកឧត្តម គឹម សន្តិភាព បញ្ជាក់ទៀតថា ជាមួយគ្នានេះ គណៈកម្មការជាតិ ក៏បានសម្រេចដាក់បញ្ចូលទណ្ឌិតចំនួន៤រូបចូលក្នុងបញ្ជីដែលមិនអាចទទួលបានការអនុគ្រោះទោស ដោយទុកឱ្យអនុវត្តទោសចប់ក្នុងពន្ធនាគារចំពោះករណីរំលោ.ភកូនបង្កើត ចៅបង្កើត និងរំលោភក្មេងអាយុ៦ឆ្នាំ និង១០ឆ្នាំ ។
ឯកឧត្តមបានបញ្ជាក់ជូនជាថ្មីថា គណៈកម្មការថ្នាក់ជាតិ ពុំលើកយកមកពិនិត្យពិចា រណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចជា ៖
១-ចំពោះបទល្មើសទូទៅ ៖ ឧក្រិដ្ឋជនគ្រឿងញៀន ,អំពើសាហាវយង់ឃ្នង ,ករណីមិនរាងចាល ,ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ ,ប្រព្រឹត្តលើជនរ ងគ្រោះជាម ន្ត្រីរាជការ ឬមន្ត្រីសាធារណៈ ,ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសច្រើនដងលើសពី ១ភាគ៣នៃរយៈពេលផ្តន្ទាទោស ។
២-ចំពោះបទល្មើសរំលោភផ្លូវភេទ ៖ ជនរងគ្រោះជា អនីតិជនអាយុក្រោម១៣ឆ្នាំ ,ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ ឬមានផ្ទៃពោះ ,ជនរងគ្រោះជាសាច់សាលោហិត ,ករណីរំលោភបូក ,ករណីប៉ុនប៉ង ឬបៀតបៀនកេរខ្មាស លើជនរងគ្រោះជាសាច់សាលោហិត ៕
