សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “កម្ពុជាជាទីផ្សារសេរី ដូច្នេះរថយន្តណាតម្លៃសមរម្យ គឺគេទិញជិះហើយ ដូច្នេះតាមបណ្តាក្រសួងស្ថាប័ន គឺមិនតម្រូវឲ្យត្រូវតែទិញរថយន្តពីក្រុមហ៊ុនណាយកមកប្រើនោះទេ ឲ្យតែក្រុមហ៊ុនណាតម្លៃទទួលយកបាន គុណភាពល្អ គឺទិញប្រើ”។នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មីរថយន្ត FORD នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏បានបង្ហាញវឌ្ឍនភាពពីការផិតរបស់កម្ពុជាផងដែរថា “កម្ពុជាមិនមែនត្រឹមតែជាប្រទេសដែលប្រមូលធាតុផ្គុំពីខាងក្រៅមកផលិតក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្ដែកម្ពុជាកំពុងក្លាយជាប្រទេសដែលផលិតគ្រឿងបង្គុំខ្លួនឯង និងនាំចេញទៅក្រៅប្រទេសផងដែរ”។
សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុននៅក្នុងស្រុកខិតខំស្វែងរកដៃគូសហការដើម្បីផលិតគ្រឿងបង្គុំក្នុងស្រុកបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ដល់ខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតរថយន្តចំនួន៩នៅកម្ពុជា ។ ក្នុងនោះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៦ និងនៅខាងក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៣”៕









