ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ ៤០នាក់ ដែលបានអះអាងថា រងគ្រោះដោយសារការវិនិយោគអចលនទ្រព្យដោយទិញដីបានការប្រាក់ និងដាក់លុយបានការប្រាក់ បាននាំគ្នាឡោមព័ទ្ធស្នាក់ការក្រុមហ៊ុនឌីបេសហ្គ្រីនឡងឡាយហ៍(ខេមបូឌា)ឯ.ក និងបានចាប់ខ្លួនស្ថាបនិកក្រុមហ៊ុននេះ បន្ទាប់ពីពួកគេគុបគិតគ្នាបោកប្រាស់លុយប្រជាពលរដ្ឋប្រមាណ ២ពាន់នាក់ ក្នុងទឹកប្រាក់ជិត ១៦លានដុល្លារ រួចបានព្យាយាមគេចខ្លួន។ ករណីនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្មាំ២០២៥ នៅទីស្នាក់ការក្រុមហ៊ុន ស្ថិតនៅបុរីភ្នំពេញថ្មី ភូមិព្រៃមូល សង្កាត់ក្រាំង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមការឱ្យដឹងពីប្រជាពលរដ្ឋរងគ្រោះ បានឱ្យដឹងថា ស្ថាបនិកក្រុមហ៊ុនរូបនោះ សមត្ថកិច្ចមិនទាន់ត្រូវបាននាំខ្លួនទៅចាត់ការតាមនីតិវិធីច្បាប់នៅឡើយទេ ដោយគ្រាន់តែឃាត់ទុកបណ្ដោះអាសន្ននៅស្នាក់ការក្រុមហ៊ុនរហូតមកដល់ថ្ងៃទី២១ ខែមេសា ដើម្បីរង់ចាំបញ្ជាពីតុលាការ។
យោងតាមការអះអាងពីជនរងគ្រោះ បុគ្គលរូបនេះ កាលពីកំឡុងឆ្នាំ២០២២ ក្រុមហ៊ុនឌីបេសហ្គ្រីនឡងឡាយហ៍(ខេមបូឌា)ឯ.ក មានស្នាក់ការមុនដំបូងនៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមាន លោក ដេង ប៊ុនលីន ជាអគ្គនាយកក្រុមហ៊ុន, លោក ទូច សុភាព ជាស្ថាបនិកក្រុមហ៊ុន និងលោក ម៉ៅ ជីតា ជាប្រធានទីផ្សារ។ បុគ្គលទាំងនេះ បានអូសទាញឆរបោកដោយឲ្យពួកគាត់ទិញដី និងដាក់លុយ ដើម្បីវិនិយោគអចលនទ្រព្យដោយបានការប្រាក់ ៥%។ ដោយមានការជឿទុកចិត្ត ពលរដ្ឋក៏បាននាំគ្នាប្រមូលលុយ ខ្លះខ្ចីលុយធនាគារ ដើម្បីដាក់វិនិយោគជាមួយក្រុមហ៊ុនយកការប្រាក់ ដោយមានកិច្ចសន្យាត្រឹមត្រូវ។ នៅពេលដាក់លុយបានការប្រាក់ ខ្លះបានពីរ បីខែ ខ្លះរហូតដល់ ១០ខែ ស្រាប់តែក្រុមហ៊ុនបានប្តូរទីស្នាក់ការវិចបង្វិចរត់បាត់។ ក្រោយមកដឹងថា ក្រុមហ៊ុនគេចទៅនៅខណ្ឌសែនសុខ ក៏បាននាំគ្នាតាមរក តែបិទទ្វារស្នាក់ការរហូត ហើយនៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ទើបឃើញបើកទ្វារ និងឃើញស្ថាបនិកក្រុមហ៊ុនឈ្មោះ ទួច សុភាព ក៏បាននាំគ្នាឃាត់ខ្លួន ហើយទាក់ទងទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ តែមិនត្រូវបានសមត្ថកិច្ចនាំខ្លួនទៅចាត់ការឡើយ។ ក្នុងករណីនេះ ប្រជាពលរដ្ឋដែលរងគ្រោះប្រមាណ ២០០០នាក់ មានទឹកប្រាក់ចំនួន ១៥ ៨៧០ ០០០ដុល្លារ ដែលបានចាញ់បោកក្រុមហ៊ុននេះ។
ប្រជាពលរដ្ឋរងគ្រោះ បានឲ្យដឹងទៀតថា កន្លងមកពួកគាត់បាននាំគ្នាដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញដែរ តែមិនត្រូវបានតុលាការចាត់ការនោះឡើយ និងបានទទូចស្នើដល់តុលាការឃាត់ខ្លួនស្ថាបនិកក្រុមហ៊ុនរូបនោះយកទៅចាត់ការតាមច្បាប់។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋបានលើកគ្នាដល់ស្នាក់ការជាថ្មីម្ដងទៀត បានឃើញជនឆបោកដែលជាស្ថាបនិកក្រុមហ៊ុនស្ថិតនៅមុខស្នាក់ការក្រុមហ៊ុន ១យប់ហើយដោយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងនគរបាលយាមរហូតមក តែមិនឃើញសមត្ថកិច្ចនាំខ្លួនទៅចាត់ការតាមការចង់បានរបស់ពួកគាត់នៅឡើយ ទើបធ្វើឱ្យពួកគាត់ទប់អារម្មណ៍ស្ទើរមិនបាន ពោលគឺ ចង់បង្កជាហឹង្សាម្តងៗទៅហើយ ដោយសារមានកំហឹងពីមួយថ្ងៃទៅមួយថ្ងៃ ពីការចាញ់បោកក្រុមហ៊ុននេះអស់លុយពីខ្លួនច្រើន៕









