បន្ទាយមានជ័យ៖ នៅថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ រួមនិងលោកជំទាវ និងសមាជិកគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ កាលពីពេលកន្លងទៅថ្មីៗ ក្នុងនោះមាន ៨គ្រួសារនៅក្នុងស្រុកស្វាយចេ ៥គ្រួសារនៅក្នុងសង្កាត់ម្កាក់ និង១១គ្រួសារ ស្ថិតនៅក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ចូលរួមសោកស្ដាយជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់បានបង្កឱ្យមានការខូចខាតផ្ទះសម្បែងមួយចំនួន ហើយក៏សូមថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានពិសេសកងកម្លាំងប្រដាប់អាវុធ ដែលតែងតែចុះជួយជួសជុលផ្ទះដល់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា នេះសបញ្ជាក់ឱ្យឃើញថា ខ្មែរជួយខ្មែរពេលមានទុក្ខលំបាក។
ឯកឧត្តមបានបន្តថា កាកបាទក្រហមកម្ពុជាគឺជាស្ថាប័នមនុស្សធម៌ ពេលណាដែលបងប្អូនជួបនូវទុក្ខលំបាកទៀតកាកបាទក្រហម តែងតែចុះជួយជានិច្ចដោយកុំទុកឱ្យនរណាម្នាក់ចោលនោះឡើយហើយការផ្តល់ ហើយមនុស្សធម៌របស់កាកបាទក្រហម មិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ។ ចុងក្រោយ ឯកឧត្តម អ៊ុំ រាត្រី បានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតពេលដែលមានភ្លៀងខ្យល់ សូមធ្វើយ៉ាងណាត្រូវរកទីទួលសុវត្ថិភាព គឺថាបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងផងដែរថា នៅឆ្នាំ២០២៥ គឺមានភ្លៀងខ្យល់កន្ត្រាក់និងផ្គររន្ទះមានការកើនឡើងច្រើន។ អំណោយដែលបានយកមកផ្តល់ជូនដល់បងប្អូនទាំង ២៤គ្រួសារ ក្នុងនោះមួយគ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម មីមួយកេស ត្រីខមួយយួរ ទឹកត្រីមួយយួរ មុងមួយ ភួយមួយ ក្រមាមួយ សារុងមួយ និងថវិកាមួយចំនួន៕
















