ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិននៅថ្ងៃសុក្រសប្តាហ៍នេះ ដោយសារតែផលប៉ះពាល់នៃពន្ធសងសឹកដែលត្រូវបានដាក់ចំពេលគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump។
យោងតាមរបាយការណ៍ដែលចុះផ្សាយដោយ CNA នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ពន្ធគយទាំងនេះបានធ្វើឱ្យពន្ធយានយន្តក្នុងប្រទេសចិនកើនឡើងខ្ពស់ដល់ទៅ ១៥០% ដែលជំរុញឱ្យក្រុមហ៊ុន Ford ផ្អាកការនាំចេញរថយន្តម៉ូដែលសំខាន់ៗរួមមាន F-150 Raptors, Mustangs និងរថយន្ត SUVs Bronco ដែលផលិតនៅរដ្ឋ Michigan ក៏ដូចជា Lincoln Navigators ផលិតនៅរដ្ឋ Kentucky ទៅកាន់ទីផ្សារប្រទេសចិន។ ប្រភពបានបញ្ជាក់ថា បើទោះបីជាមានការបញ្ឈប់ការនាំចេញរថយន្តដែលបានដំឡើងក៏ដោយ ក្រុមហ៊ុន Ford នឹងនៅតែបន្តដឹកជញ្ជូនម៉ាស៊ីន និងប្រអប់លេខដែលផលិតដោយសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនដដែល។ លើសពីនេះ ម៉ូដែលរថយន្ត Lincoln Nautilus ដែលផលិតនៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថានឹងបន្តដឹកជញ្ជូន បើទោះបីជាមានពន្ធធ្ងន់ធ្ងរក៏ដោយ។
ទាក់ទិននឹងប្រកាសនេះ ក្រុមហ៊ុន Ford បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងបានកែសម្រួលការនាំចេញពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន ដោយគិតពីពន្ធនាពេលបច្ចុប្បន្ន»។
គួរជម្រាបថា ការវិភាគមួយដោយមជ្ឈមណ្ឌលស្រាវជ្រាវរថយន្តដែលបានចេញផ្សាយនៅដើមខែនេះបាននិយាយថា ពន្ធ ២៥% របស់លោក Trump លើការនាំចូលរថយន្តនឹងធ្វើឱ្យថ្លៃដើមកើនឡើងដល់ក្រុមហ៊ុនផលិតរថយន្តប្រហែល ១០៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥។ ខណៈ Ford ត្រូវបានគេរំពឹងថាក៏អាចនឹងដំឡើងតម្លៃលើរថយន្តថ្មីផងដែល ប្រសិនបើពន្ធនៅតែបន្ត ដូចដែលបានបង្ហាញនៅក្នុងអនុស្សរណៈផ្ទៃក្នុងដែលឃើញដោយ Reuters៕
