ប្រតិភូព្រឹទ្ធសភា កោតសរសើរ និងលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ
ប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។ ក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម នាង ផាត ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តខ្ពស់ ចំពោះក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ដែលមន្ត្រីរាជការទាំងស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ បានខិតខំបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងកម្រិតជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយក្នុងរយៈពេលជាងមួយឆ្នាំមកនេះ សម្រេចបានជោគជ័យជាបន្តបន្ទាប់ ក្នុងវិស័យស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ការថ្លែងកោតសរសើរពីប្រធានប្រតិភូព្រឹទ្ធសភា នាពេលនេះ បានធ្វើឡើងបន្ទាប់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីកិច្ចការសំខាន់ៗក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ពាក់ព័ន្ធការអនុវត្តច្បាប់គ្រប់គ្រងរដ្ឋបាលដែនដី ការងារអត្តសញ្ញាណកម្ម អន្តោប្រវេសន៍ ពន្ធនាគារ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ព្រមទាំងកិច្ចការសំខាន់ៗមួយចំនួនទៀត ពាក់ព័ន្ធការធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រួមទាំងការប្រយុទ្ធប្រឆាំងនឹងបទល្មើសក្នុងសង្គម ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក Read more