នាព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសំណេះសំណាលជាមួយសិស្សដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣។
ក្នុងឱកាសនោះ សម្តេចធិបតីបានគូសបញ្ជាក់ថា ធនធានមនុស្សគឺជាអាទិភាពរបស់ប្រទេសជាតិ និងជាគន្លឹះសំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ការអភិវឌ្ឍធនធានមនុស្សត្រូវផ្អែកលើកត្តាសំខាន់ចំនួន៣ រួមមាន សុខភាព ចំណេះដឹងនិងបំណិន ព្រមទាំងជីវភាពរស់នៅដែលពាក់ព័ន្ធនឹងមុខរបរ និងការងារ។
យោងតាមលទ្ធផលប្រឡងឆ្នាំ២០២៦ បេក្ខជនដែលបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ១៤៩.៨៧១នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់មានចំនួន ១២៥.៩៧៥នាក់ ស្មើនឹង ៨៤,០៦%។ ក្នុងចំណោមបេក្ខជនប្រឡងជាប់ មានសិស្សទទួលបាននិទ្ទេស A ចំនួន ២.០២២នាក់ និទ្ទេស B ចំនួន ៨.៨៤៨នាក់ និទ្ទេស C ចំនួន ២៣.៤២២នាក់ និទ្ទេស D ចំនួន ៤៤.៨៦៩នាក់ និងនិទ្ទេស E ចំនួន ៤៦.៨១៤នាក់។
ដោយឡែក សម្រាប់ការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ មានបេក្ខជនប្រឡងជាប់ចំនួន ១.០៥១នាក់ ស្មើនឹង ៩៩,០៦% ក្នុងនោះសិស្សទទួលបាននិទ្ទេស A មានចំនួន ២២នាក់។ ជារួម សិស្សទទួលបាននិទ្ទេស A ទាំងពីរការប្រឡងមានចំនួនសរុប ២.០៤៤នាក់ មកពីសាលារៀនចំនួន ៥៣៥កន្លែង ក្នុងនោះសាលារដ្ឋមានចំនួន ៣៥៤កន្លែង និងសាលាឯកជនចំនួន ១៨១កន្លែង។ សិស្សនិទ្ទេស A មានវត្តមាននៅគ្រប់រាជធានី-ខេត្តទាំង២៥ទូទាំងប្រទេស។
ទន្ទឹមនឹងនេះ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៦ បានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់។ អត្រាប្រឡងជាប់បានកើនឡើងពី ២៥,៧២% ក្នុងការប្រឡងលើកទី១ ឆ្នាំ២០១៤ ដល់ ៨៤,០៦% នៅឆ្នាំ២០២៦។ ចំណែកចំនួនសិស្សទទួលបាននិទ្ទេស A បានកើនឡើងពី ១១នាក់ ដល់ ២.០២២នាក់ ដែលឆ្លុះបញ្ចាំងពីការប្រែប្រួលនៃលទ្ធផលប្រឡងក្នុងរយៈពេលនៃការអនុវត្តកំណែទម្រង់វិស័យអប់រំ។
សមិទ្ធផលនេះកើតចេញពីការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សក្នុងការសិក្សារៀនសូត្រ ការបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងការចូលរួមគាំទ្រពីតួអង្គពាក់ព័ន្ធ ជាពិសេសឪពុកម្តាយ និងអាណាព្យាបាល ដែលបានជួយជំរុញ និងបំពាក់បំប៉នសមត្ថភាពដល់កូនៗ ឱ្យទទួលបានលទ្ធផលល្អក្នុងការសិក្សា និងជោគជ័យក្នុងការប្រឡង។
ការជួបសំណេះសំណាលនេះក៏ជាឱកាសមួយក្នុងការលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យបន្តខិតខំអភិវឌ្ឍចំណេះដឹង និងបំណិន ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត៕




















