រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទបានលះបង់គ្រប់បែបយ៉ាងនិងជម្នះគ្រប់ឧបសគ្គក្នុងការបំពេញភារកិច្ចការពារជាតិពីការឈ្លានពានរបស់ប្រទេសជិតខាង។
ក្នុងសារជូនពរទៅដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្តាស្ថាប័ន កងឯកភាពនានាដែលប្រចាំការតាមបណ្តោយព្រំដែន និងបំពេញបេសកកម្មនៅអង្គការសហប្រជាជាតិ ព្រមទាំងសិក្ខាកាមទាំងអស់ទទួលបាននូវសុខភាពល្អបរិបូរ កម្លាំងមាំមួន និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចជូនជាតិមាតុភូមិ ។
ឯកឧត្តមបន្តថា សមិទ្ធផលដ៏ធំធេងដែលកងយោធពលខេមរភូមិន្ទសម្រេចបានក្នុងពេលកន្លងមក គឺកើតចេញពីការលះបង់ ខិតខំពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាកនានា ប្រកបដោយភាពអង់អាចក្លាហាន មោះមុត ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីសម្រេចបាននូវ ជោគជ័យជូនជាតិមាតុភូមិ ។


