បន្ទាប់ពីទទួលបានដំណឹង មានករណីបងប្អូនកម្មករ បានដួលសន្លប់ ចំនួន ២៦នាក់ ក្នុងចំណោមកម្មករបំរើការងារ សរុបចំនួន ១២៣៩នាក់ អំឡុងពេលបំពេញការងារ នៅរោងចក្រហ្គោលឌិនភីស (កាត់ដេរសម្លៀកបំពាក់) ស្ថិតនៅភូមិព្រៃអំពក ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះសួរសុខទុក្ខ និងណែនាំដល់ក្រុមគ្រូពេទ្យ ត្រូវតាមដាន និងពិនិត្យស្ថានភាពអាការៈជំងឺ របស់បងប្អូនកម្មករកម្មការនី ដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព និងនៅមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ ចំនួន២៦នាក់ ប្រុស២នាក់ អោយបានល្អ និងយកចិត្តទុកដាក់បំផុតគ្រប់អ្នកជំងឺមកសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ប្រកបដោយក្របសីលធម៌ និងវិជ្ជាជីវៈ ។
លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ ក៏បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះជួយអន្តរាគមន៍ ជួយដឹកជញ្ជូនបងប្អូនមកមន្ទីរពេទ្យភ្លាមៗ និងក្នុងនោះ លោកអភិបាលស្រុក បានធ្វើការសន្និដ្ឋានករណីនេះ គឺបណ្ដាលមកពីបងប្អូនកម្មករយើង ភ័យស្លន់ស្លោត បណ្ដាលអោយដួលសន្លប់បែបនេះ ។
ស្ថិតក្នុងស្ថានភាពនោះដែរ លោក ម៉ឹង វិរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារ ជួយសម្របសម្រួល ភ្លាមៗជាមួយថៅកែរោងចក្រ អោយបងប្អូនកម្មករទាំងអស់ឈប់សម្រាកមួយរសៀលសិន និងបានជួយសម្របសម្រួលដល់បងប្អូនកម្មករ ដែលបានដួលសន្លប់ ចំនួន២៦នាក់ អោយគាត់បានឈប់សម្រាកព្យាបាលរហូតដល់ជា ទើបចូលបំរើការងារវិញ ដោយពុំមានកាត់ប្រាក់ខែឡើយ ៕






