នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវប្រកាសចូលកាន់តំណែងនោះ គឺឯកឧត្តម ឧត្តមសេនីយ៍ឯក សៀង សេន ជាអគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ត្រី សេន សុភាព ជាប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាដល់កម្លាំងនគរបាល ត្រូវបន្ដបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីស្ដារមុខមាត់កម្ពុជាឡើងវិញលើឆាកអន្ដរជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា ក្នុងប្រតិបត្តិការបោសសម្អាតបទល្មើស Online Scams មន្ដ្រីនគរបាលទាំងអស់ ត្រូវតែបំពេញបេសកកម្មប្រកបដោយ ក្រមសីលធម៌ ជំនាញ វិជ្ជាជីវៈ ឱ្យសក្តិសមជាមន្ដ្រីនគរបាលជាតិដែលជាអ្នកអនុវត្តច្បាប់ និងគោរពនូវបទបញ្ជាថ្នាក់ដឹកនាំតាមឋាននុក្រម ហើយត្រូវបញ្ចៀសនូវរាល់បាតុភាពអសកម្មណាមួយ នៅក្នុងរង្វង់ប្រតិបត្តិការរបស់កម្លាំងជំនាញ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានគូសបញ្ជាក់ថា ប្រតិបត្តិការបោសសម្អាតបទល្មើស Online Scams មិនមែនធ្វើត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ដូចការលើកឡើងរបស់មតិមួយចំនួននោះទេ ពោលរាជរដ្ឋាភិបាលកម្ពុជា បន្ដឆន្ទៈខ្ពស់ក្នុងការបោសសម្អាតបទល្មើសនេះជារៀងរហូត ដើម្បីលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្ដរជាតិ និងបញ្ចប់នូវមតិតិះតៀនមួយចំនួនមកលើរាជរដ្ឋាភិបាលកម្ពុជា។
បើតាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត នៅពេលបច្ចុប្បន្ននេះ មជ្ឈដ្ឋានអន្ដរជាតិ បានទទួលស្គាល់នូវអ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសនេះ ដូច្នេះហើយមន្ដ្រីនគរបាលជាតិ ត្រូវតែបន្ដកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាអង្គភាពដទៃពាក់ព័ន្ធ ដើម្បីរួមដៃគ្នាអនុវត្តនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមពីនេះ ត្រូវពង្រឹងការអនុវត្តអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់ប្រមូលផ្តុំរបស់រាជរដ្ឋាភិបាល។
ក្នុងពិធីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានកោតសរសើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀង សេន ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មការពារសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម រហូតទទួលបានការលើកទឹកចិត្តតែងតាំងជាអគ្គស្នងការរងនគរបាលជាតិនៅពេលនេះ។ ដោយឡែក សម្រាប់លោកឧត្តមសេនីយ៍ត្រី សេន សុភាព ដែលទើបប្រកាសចូលកាន់តំណែងជាប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំឱ្យពង្រឹងសាមគ្គីភាពផ្ទៃក្នុងអង្គភាព ជាពិសេសពង្រឹងការងារបញ្ជាដឹកនាំកម្លាំង និងបែងចែកតួនាទីភារកិច្ច ការទទួលខុសត្រូវទៅតាមជំនាញរបស់មន្ដ្រីនគរបាលនីមួយៗ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ក៏ជាអង្គភាពមួយស្នួលផងដែរ ក្នុងការងារបង្ក្រាបបទល្មើស Online Scams ដូច្នេះហើយត្រូវពង្រឹងរបៀបរបបបំពេញការងារ ពង្រឹងរបបប្រជុំឱ្យបានទៀងទាត់ ដើម្បីពិនិត្យរាល់សំណើ សំណូមពរ បញ្ហាប្រឈម លទ្ធផលសម្រេចបាន និងការដាក់ចេញទិសដៅជាបន្ដបន្ទាប់ ដើម្បីអនុវត្តសំដៅពង្រឹងប្រសិទ្ធភាពការងារ៕





