កម្លាំងនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើអន្តរាគមន៍ជួយជនជាតិឥណ្ឌូនេស៊ី ចំនួន ៣នាក់ ចេញពីកន្លែងធ្វើការមួយនៅ ក្រុងប៉ោយប៉ែត ដោយសុវត្ថិភាព កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីពួកគេបានស្នើសុំជំនួយ ដោយអះអាងថា ម្ចាស់ទីតាំងមិនអនុញ្ញាតឱ្យពួកគេចាកចេញត្រឡប់ទៅប្រទេសកំណើតវិញ។
បើតាមសេចក្តីរាយការណ៍ ក្រោយទទួលបានព័ត៌មានស្នើសុំអន្តរាគមន៍ពីជនជាតិឥណ្ឌូនេស៊ីទាំង៣រូប ក្រុមអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានផ្តល់ព័ត៌មានភ្លាមៗជូនលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ កម្លាំងជំនាញចម្រុះ នៃក្រុមប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ បានចុះអនុវត្តវិធានការស៊ើបអង្កេតតាមរយៈប្រព័ន្ធ GPS ដែលមានក្នុងបណ្តឹង ក្រោមការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ជាលទ្ធផល សមត្ថកិច្ចបានរកឃើញទីតាំងស្នាក់នៅរបស់ជនទាំងនោះ ក្នុងអគារមួយស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយបានសម្រួលនាំជនជាតិឥណ្ឌូនេស៊ីទាំង៣នាក់ (ក្នុងនោះមានស្ត្រី ១នាក់) ចេញពីទីតាំងខាងលើដោយសុវត្ថិភាព។ បន្ទាប់មក នៅថ្ងៃដដែល កម្លាំងជំនាញបាននាំពួកគេទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីបន្តនីតិវិធីសាកសួរ និងស្តាប់ការបំភ្លឺពាក់ព័ន្ធនឹងករណីនេះ។
តាមការបំភ្លឺរបស់ជនរងគ្រោះ ពួកគេបានចូលមកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដោយស្របច្បាប់ ដើម្បីធ្វើការជាបុគ្គលិកហាងបាយនៅក្នុងអគារខាងលើ។ ក្នុងអំឡុងពេលស្នាក់នៅ និងបំពេញការងារ មិនមានការបង្ខិតបង្ខំ ធ្វើទារុណកម្ម ឬការគំរាមកំហែងណាមួយឡើយ ប៉ុន្តែដោយសារមានអារម្មណ៍នឹកស្រុកកំណើតខ្លាំង និងមានកូនតូចកំពុងឈឺនៅប្រទេសឥណ្ឌូនេស៊ី ទើបពួកគេចង់វិលត្រឡប់ទៅប្រទេសកំណើតវិញ។
គួរបញ្ជាក់ថា ជនជាតិឥណ្ឌូនេស៊ីទាំង៣នាក់ រួមមាន៖
១. JUNI TINUNGKI ភេទប្រុស អាយុ ៣៤ឆ្នាំ
២. RIO DWI PUTRA LUMINTANG ភេទប្រុស អាយុ ៣០ឆ្នាំ
៣. JESIKA ANGGREINI SIAGE ភេទស្រី អាយុ ២៩ឆ្នាំ
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីតាមច្បាប់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីជួយដោះស្រាយឱ្យជនជាតិឥណ្ឌូនេស៊ីទាំង៣នាក់ អាចវិលត្រឡប់ទៅប្រទេសកំណើតវិញតាមនីតិវិធី៕




