អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនមេក្លោងចំនួន ២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចំនួន ២នាក់ ពាក់ព័ន្ធករណីបន្លំការប្រឡងចូលរៀនក្នុងវិស័យសុខាភិបាល ខណៈការប្រឡងកំពុងដំណើរការរយៈពេល ២ថ្ងៃ នៅថ្ងៃទី៣១ ខែមករា និងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦។
ការប្រឡងនេះ រៀបចំដោយគណកម្មការប្រឡងថ្នាក់ជាតិ ក្នុងវិស័យសុខាភិបាល ដើម្បីជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំទី១ កម្រិតបរិញ្ញាបត្ររង សរុបចំនួន ៧,១១០ នាក់ នៅតាមមហាវិទ្យាល័យ វិទ្យាស្ថាន និងសាកលវិទ្យាល័យជាច្រើនទូទាំងប្រទេស។
ថ្នាក់ឆ្នាំទី១ កំរិតបរិញ្ញាបត្ររងចំនួន ៧ ១១០នាក់ (សម្រាប់ចូលរៀនមហាវិទ្យាល័យសុខាភិបាលចំនួន ៣០០នាក់, វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលយោធាចំនួន ៣០០នាក់, សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង ចំនួន ១៦០នាក់, សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមចំនួន ២៥០នាក់, សាលាមធ្យមសិក្សាសុខាភិបាលកំពតចំនួន ២៥០នាក់, សាលាមធ្យមសិក្សាសុខាភិបាលស្ទឹងត្រែងចំនួន ២៥០នាក់, សាកលវិទ្យាល័យអន្តរជាតិ(ភ្នំពេញ) ចំនួន ២៥០នាក់, សាកលវិទ្យាល័យពុទ្ធិសាស្រ្តចំនួន ២០០នាក់, សាកលវិទ្យាល័យន័រតុន ចំនួន ១០០នាក់, សាកលវិទ្យាល័យចេនឡាភ្នំពេញចំនួន ២៥០នាក់, សាកលវិទ្យាល័យឡាយហ្វចំនួន ១០០នាក់, សាកលវិទ្យាល័យកំពង់ចាមចំនួន ១៥០នាក់, សាកលវិទ្យាល័យបូលីណូកំពង់ឆ្នាំងចំនួន ១៥០នាក់, វិទ្យាស្ថានវិទ្យាសាស្រ្តអាស៊ីចំនួន ២៥០នាក់, សាកលវិទ្យាល័យអង្គរចំនួន ២៥០នាក់, វិទ្យាស្ថានវិទ្យាសាស្រ្តថែទាំបាត់ដំបង ចំនួន ១០០នាក់, និងសាកលវិទ្យាល័យអន្តរជាតិសាខាបាត់ដំបង ចំនួន ១០០នាក់)។
លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ក្នុងអំឡុងពេលប្រឡង ២ថ្ងៃនេះ ACU បានចាត់បញ្ជូនមន្ត្រីចំនួន ២៦២នាក់ ជាកម្លាំងចំហរ ដើម្បីសង្កេតការណ៍ និងត្រួតពិនិត្យដំណើរការប្រឡង ដឹកនាំដោយឧបការី កែវ ធីវុធ។ ជាមួយគ្នានេះ ACU ក៏បានរៀបចំកម្លាំងសម្ងាត់មួយចំនួនទៀត ដឹកនាំដោយឧបការី យ៉ិនទៀង ពុទ្ធិរ៉ា ដើម្បីបង្ក្រាបបទល្មើសដែលអាចកើតមាន។
តាមប្រភពព័ត៌មានពី ACU បានបញ្ជាក់ថា នៅថ្ងៃប្រឡងទី១ សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនមេក្លោង ២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួស ២នាក់ យកមកសួរនាំ និងចាត់វិធានការតាមនីតិវិធី។
លោក អ៊ុំ សំរាំង ប្រធាននាយកដ្ឋានចារកម្ម នៃ ACU បានឱ្យដឹងថា មេក្លោងបានទទួលប្រាក់ចំនួន ៨,០០០ ដុល្លារ ពីបេក្ខជនម្នាក់ៗ ហើយបង់ឱ្យអ្នកស៊ីឈ្នួលប្រឡងជំនួសចន្លោះពី ២,០០០ ដុល្លារ ដល់ ៣,០០០ ដុល្លារ ក្នុងម្នាក់ ដើម្បីបន្លំខ្លួនចូលប្រឡងជំនួស។
ឧបការី យ៉ិនទៀង ពុទ្ធិរ៉ា និងលោក ហ៊ូ ស្ថាបនា អគ្គនាយកប្រតិបត្តិការ នៃ ACU បានបញ្ជាក់ថា អង្គភាពនៅតែបន្តតាមស៊ើបអង្កេត និងស្វែងរកមេក្លោង និងអ្នកស៊ីឈ្នួលប្រឡងជំនួសផ្សេងទៀត នៅថ្ងៃប្រឡងទី២ ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌៕
