បន្ទាប់ពីការខិតខំតស៊ូ និងរៀបចំអនុវត្តគម្រោងអស់រយៈពេលជាង ៤ ឆ្នាំ ក្តីស្រមៃបានក្លាយជាការពិត ដោយអគារមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា–ជប៉ុន មង្គលបូរី នឹងលេចចេញជារូបរាងនាពេលអនាគតដ៏ខ្លីខាងមុខ នៅតំបន់ពាយ័ព្យនៃប្រទេស ក្នុងខេត្តបន្ទាយមានជ័យ។
គម្រោងសាងសង់អគារមន្ទីរពេទ្យនេះ ត្រូវបានអនុវត្តក្រោមការគាំទ្រថវិកាពី ធនាគារអភវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងតំបន់។
ជាមួយគ្នានេះផងដែរ អគារមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែតថ្មី កម្ពស់ ៣ ជាន់ ក៏នឹងត្រូវសាងសង់ឡើងក្រោមគម្រោងថវិកាដូចគ្នា ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ អ្នកវិនិយោគទុន និងអាជីករ គ្រប់ជាតិសាសន៍ ដែលកំពុងរស់នៅ និងប្រកបមុខរបរនៅក្នុងក្រុងប៉ោយប៉ែត។
ថ្នាក់ដឹកនាំមូលដ្ឋានបានបញ្ជាក់ថា សមិទ្ធផលទាំងនេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងក្រសួងសុខាភិបាល ធនាគារអភវឌ្ឍន៍អាស៊ី វិស្វករ និងក្រុមការងារសិក្សាគម្រោងទាំងក្នុង និងក្រៅប្រទេស ព្រមទាំងភាគីពាក់ព័ន្ធជាច្រើន ដែលបានចូលរួមចំណាយកម្លាំងកាយ ចិត្ត និងប្រាជ្ញា ឲ្យគម្រោងនេះសម្រេចបានជោគជ័យ។
អាជ្ញាធរមានសមត្ថកិច្ច និងថ្នាក់ដឹកនាំខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ នឹងចូលរួមគាំទ្រទទួលសេវាសុខាភិបាលនៅក្នុងស្រុកឲ្យកាន់តែច្រើន ដើម្បីរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលជាតិ ឲ្យមានការរីកចម្រើន និងប្រសិទ្ធភាពកាន់តែប្រសើរ។







