បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានដឹកនាំក្រុមការងារចុះបិទសត្តឃាតដ្ឋានជ្រូកប្រភេទ (ក) មួយកន្លែង របស់លោក ផាន់ ដារារិទ្ធ មានទីតាំងនៅភូមិ បាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
សត្តឃាតដ្ឋាននេះត្រូវបានអាជ្ញាធរចុះបិទ ព្រោះបាន ហួសសុពលភាពអាជ្ញាបណ្ណ និង មិនទាន់ប្ដូរទៅទីតាំងថ្មី តាមការណែនាំរបស់រដ្ឋបាលខេត្ត។
ការចុះអនុវត្តន៍បិទសត្តឃាតដ្ឋាននេះ មានគោលបំណងក្នុងការអនុវត្តតាមច្បាប់ស្តីពីសុខាភិបាល និងការពារបរិស្ថាន ដើម្បីធានាថា សកម្មភាពសម្លាប់សត្វធ្វើឡើងដោយសុវត្ថិភាព ស្របតាមបច្ចេកទេស និងការគ្រប់គ្រងរបស់រដ្ឋ។
ក្នុងឱកាសនោះ លោក ឃ្លោក នួយ បានបញ្ជាក់ថា រដ្ឋបាលខេត្តមានការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខមាភាពសារធាណៈ និងភាពស្អាតសណ្តាប់ធ្នាប់ក្នុងតំបន់ទីក្រុងប៉ោយប៉ែត ដោយនឹងបន្តត្រួតពិនិត្យ និងអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះសត្តឃាតដ្ឋាន ឬសកម្មភាពណាដែលមិនបានគោរពតាមបទបញ្ញត្តិរដ្ឋបាល។
គួរបញ្ជាក់ផងដែរទីតាំងសត្តឃាតដ្ឋានខាងលើ ត្រូវបានប្រជាពលរដ្ឋ ស្នើរសុំបណ្តាញសារព័ត៌មានផ្សព្វផ្សាយ ជាច្រើនលើក ច្រើសារហើយ ដោយស្នើររើចេញពីទីប្រជុំជន ទៅកន្លែងផ្សេង ព្រោះប៉ះពាល់ខ្យល់ដង្ហើម និង កង្វក់ អត់អនាម័យ ចេញពីកន្លែងនោះ ៕







