ទាហានថៃ រួមនឹងពួកជ្រុលនិយម បានបន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីស្ងប់ស្ងាត់៣យប់ ក្រោយមានការថ្កោលទោសអ្នកធ្វើការងារពាក់ព័ន្ធនឹងសិទ្ទិមន្ស្សជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថា កាលពីថ្ងៃ១០ ដល់ ១៣ ខែតុលា ឆ្នាំ២០២៥ ទាហានថៃ រួមនឹងពួកជ្រុលនិយម និងអាជ្ញាធរខេត្តស្រះកែវ បានចាក់សំឡេងរំខានពលរដ្ឋភូមិជោគជ័យ និងព្រៃចាន់ រួចម្តងមកហើយ។ ការណ៍នេះមានការប្រតិកម្មជាច្រើនពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏ដូចជាអ្នកសិទ្ធិមនុស្ស សមាជិកព្រឹទ្ធសភា និងអ្នកនយោបាយថៃ ពួកគេបានផ្អាកការចាក់សំឡេងរំខានពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ និងភូមិជោគជ័យ។
នៅវេលាម៉ោង ៥៣០នាទីល្ងាចថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ គេបានឭសំឡេងបន្តចាក់សំឡេងរំខានពលរដ្ឋនៅភូមិជោគជ័យ ទីកន្លែងដែលថៃបានរំលោភបំពានព័ទ្ធបន្លាលួសយកដីចម្ការ ស្រែ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ ដែលគេប្រើឧបករណ៍បំពងសំឡេងចំនួន៤រថយន្ត។ របៀបនៃការចាក់សំឡេងនេះ ពួកគេបានស្ទួចឧបករណ៍មួយចំនួនឡើងទៅលើកម្ពស់ ៣០ម៉ែត្រ ហើយឧបករណ៍បំពងសំឡេង៣រថយន្តទៀតដាក់នៅខាងក្រោម។ ឧបករណ៍បំពងសំឡេងដែលគេចាក់នេះ ត្រូវបានបញ្ជាក់ថា មានកម្រិតរលកសំឡេងរង្វង់ ៥០០ដេស៊ីបែល ដែលជាកម្រិតរលកសំឡេងខ្ពស់បំផុត ហើយអាចឭចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ។
យោងតាមការឱ្យដឹងពីអ្នកជំនាញ ជាទូទៅត្រចៀករបស់មនុស្សអាចទទួលកម្រិតរលកសំឡេងរង្វង់ ១០០ដេស៊ីបែលប៉ុណ្ណោះ។ កម្រិតរលកសំឡេងរហូតដល់ ៥០០ដេស៊ីបែល នឹងធ្វើឱ្យមនុស្សបែកក្រដាសត្រចៀក ឈឺក្បាល វិលមុខ និងក្អួតចង្អោរ។
ការចាក់សំឡេងរំខានបែបនេះ គឺជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ហើយជាទម្រង់នៃការធ្វើទារុណកម្មស្មារតី ដែលអនុសញ្ញាស្តីពីការធ្វើទារុណកម្មហាមឃាត់។
ភូមិជោគជ័យ និងភូមិព្រៃចាន់ មានប្រជាពលរដ្ឋជាង ៣០០០នាក់ ក្នុងនោះក៏មានចាស់ជរា ជនមានពិការភាព អ្នកមានជំងឺ ជនមានពិការភាព ស្ត្រីសម្រាលកូន ស្ត្រីមានផ្ទៃពោះ និងក្មេងតូច ផងដែរ។ រលកសំឡេងដ៏ខ្លាំងក្លានេះ ពិតជាបង្កផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់អ្នកភូមិ។
អ្នកតាមដានព្រឹត្តិការណ៍ព្រំដែនខ្មែរ-ថៃ អំពាវដល់ឧត្តមស្នងការអន្តរជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ត្រូវចាត់វិធានការបន្ទាន់ ដើម្បីបញ្ឈប់ទង្វើរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនេះតទៅទៀត៕



