កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយក្រុមល្បាតយោធា បានឃាត់ខ្លួនជនជាតិថៃចំនួន ៧នាក់ (ស្រី៣នាក់ ប្រុស៤នាក់) ពេលកំពុងលួចឆ្លងដែនចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់ នៅតំបន់ព្រំដែនភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ការឃាត់ខ្លួននេះបានប្រព្រឹត្តឡើងនៅម៉ោង ៧:០០ ព្រឹក ថ្ងៃទី១៥ តុលា ឆ្នាំ២០២៥ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះល្បាតតាមតំបន់ព្រំដែន ដើម្បីការពារសុវត្ថិភាព និងទប់ស្កាត់បទល្មើសឆ្លងដែន។
ជនសង្ស័យទាំង៧ រួមមាន៖
- ភុងសាថន សំឡិ (Phongsathon Somleg) អាយុ២០ឆ្នាំ, ប្រុស;
- សុរ៉ាសាក់ កាន់ថាវង្ស (Surasak Kantauong) អាយុ៣៥ឆ្នាំ, ប្រុស;
- ឆាណាក់វង់ ឆាវណាវាំង (Charaphong Chaonawong) អាយុ៣៩ឆ្នាំ, ប្រុស;
- កុតឆាក់កន ស៊ីសាវ៉ាត់ (Kotchakorn Srisawat) អាយុ៣៤ឆ្នាំ, ស្រី;
- ណាត់ឡាដា សនសូផា (Natlada Sonsopa) អាយុ២៦ឆ្នាំ, ប្រុស;
- ពេជ្រឆាក់ឡាក់ នុតមុត (Pihcaya Notmut) អាយុ២០ឆ្នាំ, ស្រី;
- អានីតា ឌីផាក់ (Anita Dypak) អាយុ២៧ឆ្នាំ, ស្រី។
បន្ទាប់ពីឃាត់ខ្លួន កម្លាំងអាវុធហត្ថបាននាំជនសង្ស័យទាំងអស់មកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។ ក្នុងពេលសួរនាំ ជនសង្ស័យទាំងនេះបានសារភាពថា ពួកគេបានលួចឆ្លងដែនចូលមកកម្ពុជាពិតប្រាកដ ពីព្រោះនៅប្រទេសថៃពួកគេគ្មានការងារ និងប្រាក់ចំណូល ដូច្នេះបានសម្រេចចិត្តមករកការងារធ្វើនៅកម្ពុជា។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា បន្ទាប់ពីសារភាពរបស់ជនសង្ស័យ កម្លាំងអាវុធហត្ថបានកសាងសំណុំរឿង និងបញ្ជូនទៅកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។
ជនសង្ស័យទាំង៧ នាក់ត្រូវបានការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ២០២៥ ដើម្បីដោះស្រាយតាមនីតិវិធីផ្លូវច្បាប់។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានបញ្ជាក់ថា ការប្រតិបត្តិការនេះត្រូវបានអនុញ្ញាតដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។



