អង្គការសហប្រជាជាតិ នឹងកាត់បន្ថយកងកម្លាំងមួកខៀវចំនួន២៥ភាគរយជុំវិញពិភពលោក ព្រោះកង្វះថវិកា ក្រោយអាម៉េរិកកាត់ជំនួយ។ កងកម្លាំងចន្លោះពី១៣ម៉ឺន ទៅ១៤ម៉ឺននាក់នឹងត្រូវបញ្ជូនទៅប្រទេសកំណើតវិញ។
បញ្ហាកង្វះថវិកា កំពុងបង្កបញ្ហាដល់ប្រតិបត្តិការរបស់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ដោយសាររឿងលុយនេះ កម្លាំងមួកខៀវជាច្រើន ត្រូវវិលចូលប្រទេសដើមវិញ។
«សរុបមកយើងនឹងត្រូវធ្វើមាតុភូមិនិវត្តន ប្រហែល២៥ភាគរយនៃទ័ពរក្សាសន្តិភាព និងប៉ូលិសសរុបរបស់ពួកយើង ព្រមទាំងឧបករណ៍ ហើយបុគ្គលិកស៊ីវិលមួយចំនួនធំនៅក្នុងបេសកកម្មក៏នឹងរងផលប៉ះពាល់ផងដែរ»។
នេះជាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ UN ដែលត្រូវបានចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការផ្ដាច់ជំនួយរបស់អាម៉េរិក ជារឿងចម្បងដែលធ្វើឲ្យស្ថាប័នពិភពលោកមួយនេះជួបបញ្ហា។ កន្លងមក អាម៉េរិក គ្រោងនឹងផ្តល់ឱ្យកញ្ចប់លុយចំនួនប្រហែល១,៣ ពាន់លានដុល្លារនៃថវិកាសរុបចំនួន ៥,៤ ពាន់លានដុល្លារ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពឆ្នាំ ២០២៥-២០២៦។
ប៉ុន្តែមកដល់ពេលនេះ អាម៉េរិកផ្តល់លុយឱ្យត្រឹមតែពាក់កណ្តាលនៃអ្វីដែលខ្លួនបានសន្យាប៉ុណ្តោះចំនួន៦៨២ លានដុល្លារ។ លុយមួយផ្នែកដែលមានចំនួន៨៥លានដុល្លារគឺសម្រាប់បេសកកម្មថ្មីនៅហៃទី ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមក្មេងទំនើង។
ក្រៅពីអាម៉េរិក ចិនក៏ជាប្រភពផ្ដល់ជំនួនធំដែរ។ ចិនត្រូវបានគេរំពឹងថានឹងផ្តល់ប្រាក់ប្រមាណ១,២ពាន់លានដុល្លារ ដែលនេះគឺជាចំនួនដ៏ច្រើនមួយ។ ទោះជាយ៉ាងណាក្តី ដោយអាម៉េរិកផ្តល់ចំនួនតិចជាការរំពឹងទុក ថវិកាសរុបនៅតែមិនគ្រប់។ UN រំពឹងថា នឹងមានការខ្វះខាតប្រហែល១៦ ទៅ១៧ភាគរយ។
ការខ្វះខាតថវិកា កំពុងបង្កើនការព្រួយបារម្ភអំពីសមត្ថភាពរបស់ UN ក្នុងការដំណើរការបេសកកម្មរក្សាសន្តិភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ លោក Louis Charbonneau នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា ការកាត់កងទ័ពអាចប៉ះពាល់ដល់ការការពារជនស៊ីវិល ការត្រួតពិនិត្យបទឈប់បាញ់ និងជំនួយមនុស្សធម៌ ។
«នៅកន្លែងដូចជាស៊ូដង់ខាងត្បូង ដែលអ្នករក្សាសន្តិភាពជួយការពារជនស៊ីវិលជាច្រើន ហើយស្ទើរតែមានសង្គ្រាមថ្មីនៅឆ្នាំនេះ ការបញ្ជូនកងកម្លាំងមួកខៀវទៅផ្ទះវិញ ផ្ញើសារអវិជ្ជមានយ៉ាងខ្លាំង»។ លោក Charbonneau នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ៕


