ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា ពិព័រណ៍ផលិតផលខ្មែរនាពេលនេះ បាននាំមកនូវការរួបរួមគ្នាជុំវិញស្មារតីនៃពាក្យគន្លឹះថា «ខ្មែរធ្វើបាន» ទាំងពេលបច្ចុប្បន្ននិងអនាគត ដែលបានផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកជាច្រើន បានដាក់តាំងបង្ហាញនិងផ្សព្វផ្សាយអំពីផលិតផលរបស់ខ្លួន ជាពិសេសធ្វើអន្តរកម្មជាមួយដៃគូពាណិជ្ជកម្ម ។
ក្នុងពិធីបើកជាផ្លូវការនូវកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញគាំទ្រផលិតផលក្នុងស្រុក នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ដើម្បីអនុវត្តន៍ការងារឱ្យស្របតាមការសំណូមពរនិងការអំពាវនាវ ជាពិសេសដោយមើលឃើញពីចលនាជំរុញការប្រើប្រាស់និងគាំទ្រផលិតផលក្នុងស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តួចផ្តើមរៀបចំពិព័រណ៍នេះឡើង ក្នុងគោលបំណងប្រមូលផ្ដុំពង្រឹងស្មារតីសាមគ្គី និងស្នេហាជាតិរួមគ្នាជាសំឡេងតែមួយ បន្តជឿជាក់លើរាជរដ្ឋាភិបាល ព្រមទាំងចូលរួមជំរុញការគាំទ្រពង្រឹងសមត្ថភាពផលិតផលក្នុងស្រុក តាមរយៈការចូលរួម ជំរុញ និងគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុក ឱ្យដាក់តាំងបង្ហាញនិងផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន ក៏ដូចជាទាក់ទងជាមួយនឹងដៃគូអាជីវកម្មនានា ។
ឯកឧត្តម បានបន្តថា លើសពីការតាំងបង្ហាញផលិតផលក្នុងស្រុក ពិព័រណ៍នេះក៏មានវេទិកាពិភាក្សាចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈលើទិដ្ឋភាពជារួមនៅក្នុងក្របខ័ណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិ បាលដោយសំឡេងរបស់វិស័យឯកជននិងអ្នកប្រើប្រាស់ ក្នុងការជំរុញការគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ដោយមានការចូលរួមពីវាគ្មិនជាច្រើន ដូចជា៖ អ្នកបង្កើតមាតិកា បញ្ញាវន្ត និងថ្នាក់ដឹកនាំវិស័យឯកជនផងដែរ ។ « ជារួមព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាការបង្ហាញពីសមត្ថភាពសក្ដានុពលរបស់កម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត ដើម្បីនាំមកនូវការរួបរួមគ្នាជុំវិញស្មារតីនៃពាក្យគន្លឹះថា ខ្មែរធ្វើបាន ព្រមទាំងជាការបង្ហាញសំឡេងរួមរបស់ខ្មែរ បង្ហាញសាមគ្គីភាពគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ជាប្រមុខដឹកនាំនិងវីរៈកងទ័ពជួរមុខ ។ ពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ ខ្មែរធ្វើបាន ចូលរួម ជំរុញគាំទ្រផលិតផលក្នុងស្រុក ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ដោយមានការចូលរួម ពីគ្រប់សហគ្រាសនិងសិប្បកម្មក្នុងស្រុក សរុប២៨៣ស្តង់ ចែកជា៦តំបន់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទស្សនា » ។
សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជារណសិរ្សទូលំទូលាយបន្តបេសកកម្ម ពីសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា បាននិងកំពុងបំពេញតួនាទីយ៉ាងសកម្មក្នុងសង្គមកម្ពុជា ដែលផ្តល់ឱកាសឱ្យយុវជនគ្រប់ៗរូប ចូលរួមចំណែកនៅក្នុងសកម្មភាពសង្គម និងការងារសប្បុរសធម៌ដោយស្ម័គ្រចិត្ត ។ ក្នុងរយៈពេលជាង១២ឆ្នាំកន្លងមកនេះ ក្រុមគ្រួសារ ស ស យ ក ក៏បានបន្តបេសកកម្មក្នុងការពូនជ្រំស្មារតីយុវជន ដើម្បីការពាររាល់សមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុនដែលបានពលី នាំមកនូវសុខសន្តិភាព ស្ថិរភាព ការការពាររាល់មរតកដ៏មានតម្លៃ និងបន្តកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់ប្រទេសជាតិនិងប្រជាជនកម្ពុជា ៕




