កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងប្រហែលជាមាននូវសារធាតុអ៊ុយរ៉ានីញ៉ូមសរុបប្រហែល ២តោន ដែលអាចចម្រាញ់ផលិតអាវុធនុយក្លេអ៊ែរបាន បើទោះបីជាបានទទួលរងនូវការដាក់ទណ្ឌកម្មអស់ជាច្រើនឆ្នាំមកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
ជាយូរមកហើយ កូរ៉េខាងជើងត្រូវគេជឿថា មានសារធាតុអ៊ុយរ៉ានីញ៉ូមដែលត្រូវបានចម្រាញ់ក្នុងកម្រិតខ្ពស់ ក្នុងបរិមាណដ៏ច្រើនមួយ ខណៈវាជាវត្ថុធាតុដ៏សំខាន់ដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរ។ តាមការបញ្ជាក់ដ៏កម្រជាសាធារណៈនេះ ទីក្រុងសេអ៊ូលបាននិយាយថា បណ្តាញស៉ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានវាយតម្លៃថា នាពេលបច្ចុប្បន្នទីក្រុងព្យុងយ៉ាង បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជាង ៩០ភាគរយ គឺមានប្រហែល ២ ០០០ គីឡូក្រាម ខណៈបរិមាណនេះវាគ្រប់គ្រាន់ក្នុងការផលិតអាវុធនុយក្លេអ៊ែរបានយ៉ាងច្រើន។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ខ្លួនជាលើកដំបូងកាលពីឆ្នាំ២០០៦ ហើយនិងកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មជាច្រើនរបស់អង្គការសហប្រជាជាតិសម្រាប់កម្មវិធីអភិវឌ្ឈសព្វាវុធ ដែលត្រូវបានហាមឃាត់នេះ៕




